Register Already an agent ? Login

កម្ពុជា បាននាំចេញកសិផលមានទឹកប្រាក់ជាង ២ពាន់លានដុល្លារ កើនជិត ៦% ៩ខែឆ្នាំ២០២២

ភ្នំពេញ៖ កានាំចេញកសិផលរបស់កម្ពុជា មានទឹកប្រាក់ ២,២២៧.៥លានដុល្លារ កើនឡើងប្រមាណ ១២២.៣លានដុល្លារ ស្មើនឹង ៥.៨% រយៈពេល៩ខែ ឆ្នាំ២០២២។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

នៅក្នុងរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមកសិផលផលដែលបាននាំចេញក្នុងនោះ ការនាំចេញអង្ករមានតម្លៃ ២៩១.៥លានដុល្លារ កើនឡើងប្រមាណ ៥.១លានដុល្លារ ស្មើនឹង១.៨%។ ស្រូវនាំចេញមានតម្លៃ ៥០៣.៦លានដុល្លារ ថយចុះប្រមាណ ៩១.២លានដុល្លារ ស្មើនឹង១៥.៣%។

ជាមួយគ្នានោះ ការនាំចេញកៅស៊ូនាំចេញមានតម្លៃ ២៧២.៨លានដុល្លារ កើនឡើងប្រមាណ ៧លានដុល្លារ ស្មើនឹង ២.៦% និងកសិផលផ្សេងទៀតមានតម្លៃ ១,១៥៩.៧លានដុល្លារ កើនឡើង ២០១.៥លានដុល្លារ ស្មើនឹង ២១%។

៩ខែឆ្នាំ២០២២ កសិផលនាំចេញមានការកើនឡើង រួមមាន៖ អង្ករ ដំឡូងមីក្រៀម ដំឡូងមីស្រស់ កាកសំណល់ដំឡូងមី សណ្ដែកបាយ សណ្ដែកសៀង និងថ្នាំជក់ រួមទាំងកសិករផលមួយចំនួនទៀត។ បើតាមការលើកឡើងឱ្យដឹងពី លោក ឧកញ៉ា ហ៊ុន ឡាក់ ដែលជាអ្នកនាំចេញផលិតផលកសិកម្មដ៏ល្បីឈ្មោះនៅកម្ពុជា។

ចំពោះការនាំចេញផ្លែចេកស្រស់វិញ ថយចុះ ១០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ការធ្លាក់ចុះនេះ ដោយសារគោលនយោបាយសូន្យកូវីដ-១៩ របស់ចិន។ បើតាមការបញ្ជាក់របស់ លោក ហ៊ុន ឡាក់ បានបន្តថា ចំណែកការនាំចេញផ្លែស្វាយស្រស់វិញ ក៏មានការធ្លាក់ចុះជាង ២៦% ដោយសារការបិទខ្ទប់ព្រំប្រទល់វៀតណាម និងចិន បូករួមនឹងបញ្ហានៃតម្លៃដឹកជញ្ជូនទៅចិនហក់ឡើងខ្ពស់ ធ្វើឱ្យការនាំចេញផ្លែស្វាយត្រូវបានខកខាន ក្នុងការនាំចេញ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)