Register Already an agent ? Login

លោក ប៉ាន សូរស័ក្ដិ ស្នើទូតថ្មីតួកគីប្រចាំកម្ពុជា បន្តកៀងគរធុរជន និងវិនិយោគិនតួកគីមកធ្វើការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើឱ្យលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូត តែងតាំងថ្មីនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បន្តកៀងគរធុរជន និងវិនិយោគិនតួកគីមកធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដារហាឡាល។

លោក ប៉ាន សូរស័ក្ដិ ដែលបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Ülkü Kocaefe កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានលើកឡើងបន្តថា កម្ពុជាមានវត្ថុធាតុដើមសំបូរបែប រួមមាន៖ កៅស៊ូ ដំឡូងមី ស្រូវ ស្វាយ ចេក ជាដើម។ បន្ថែមលើនេះ លោក ក៏បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ និងកិច្ចសហប្រតិបត្តិការផ្នែកហាឡាល។ 

ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអំពីកាលានុវត្តភាពធុរកិច្ច និងបរិយាកាសវិនិយោគ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តកើតថ្មីៗនៅកម្ពុជា ដែលអំណោយផលសម្រួលដល់ការធ្វើពាណិជ្ជកម្ម ការតាំងទីផលិតកម្ម និងការចូលរួមខ្សែច្រវាក់ផលិតកម្មក្នុងតំបន់។

នាឱកាសនោះ លោក ប៉ាន សូរស័ក្ដិ បានសម្ដែងការស្វាគមន៍ និងអបអរសាទរជូនចំពោះ លោកស្រី Ülkü Kocaefe ក្នុងឱកាសត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា និងបង្ហាញពីសុទិដ្ឋិនិយមចំពោះបេសកកម្មការទូតដ៏មានអត្ថន័យនេះ ព្រមទាំងការប្ដេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តរឹតបន្តឹងចំណងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះសន្ទុះនៃការអភិវឌ្ឍខឿនសេដ្ឋកិច្ចរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈភាពធន់នៃសេដ្ឋកិច្ច និងភាពអាចផ្គត់ផ្គង់ដោយខ្លួនឯងបានតាមរយៈអតិរេកស្បៀងបម្រុងរបស់កម្ពុជា ត្បិតក្នុងវិបត្តិនានាក្នុងពិភពលោក។

ជាមួយគ្នានេះ លោកស្រី Ülkü Kocaefe បានបង្ហាញអំពីឆន្ទៈនិងគោលជំហរដ៏មោះមុត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ជាពិសេសពាណិជ្ជកម្ម វិនិយោគ ការអប់រំ និងកិច្ចការហាឡាល និងព្យាយាមជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។

លើសពីនេះ លោកស្រី បានជម្រាបជូនថា នឹងមានការបង្កើតការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគីប្រចាំកម្ពុជា ដើម្បីជំរុញបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ។

បើតាមជំនួបនោះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីកិច្ចសហការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈយន្តការគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី ដែលកិច្ចប្រជុំលើកទី៣ នឹងគ្រោងធ្វើនៅរាជធានីភ្នំពេញ នាពេលខាងមុខ។

គួររម្លឹកថា ចាប់តាំងពីឆ្នាំ២០១៥មក គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យអាទិភាព រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ កសិកម្ម សុខាភិបាល ឧស្សាហកម្ម វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។-ល-។

គួរបញ្ជាក់ថា ពាណិជ្ជកម្មរវាងកម្ពុជា-តួកគីសម្រេចបានទំហំប្រមាណ ៩០លានដុល្លារ ក្នុងឆ្នាំ២០២១ និងដោយឡែក ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨៥លានដុល្លារ។ មុខទំនិញសំខាន់ៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគីរួមមាន៖ វាយនភណ្ឌនិងសម្លៀកបំពាក់ ស្បែកជើង អង្ករ កៅស៊ូ គ្រឿងបរិភោគ បរិធានអគ្គិសនី យានយន្ត រ៉ែ។-ល-៕

ដោយ៖ មឿន ឌីណា (Moeun Dyna)