Register Already an agent ? Login

វៀតណាម ស្នើកម្ពុជាសិក្សាវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន តភ្ជាប់ប្រទេសទាំងពីរ លើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍

ភ្នំពេញ៖ លោក ង្វៀន ហ៊ុយថាំង(Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យមានការសិក្សា លើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងប្រទេសទាំងពីរ សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ផងដែរ។

ជំនួបខាងលើធ្វើឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក ង្វៀន ហ៊ុយថាំង បានមានប្រសាសន៍ថា រូបលោកបានមកបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រមាណ១ឆ្នាំហើយ ប៉ុន្តែដោយសារតែបញ្ហាការរាតត្បាតជំងឺកូវីដ-១៩ ទើបនាំឱ្យមានការពន្យារពេលការចូលជួបសម្តែងការគួរសម។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ចំពោះ ឯកអគ្គរដ្ឋទូត និងបានជម្រាបជូនអំពីសមិទ្ធផលថ្មីៗទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលក្រសួងទើបសម្រេចបាន ក៏ដូចជាវឌ្ឍនភាពគម្រោងការងារដែលក្រសួងកំពុងអនុវត្ត និងគ្រោងអនុវត្តនាពេលអនាគត។ បន្ថែមពីលើនេះ លោក ក៏បានលើកឡើងអំពីគម្រោងសិក្សាលទ្ធភាពពង្រីក ផ្លូវនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ដែលសព្វថ្ងៃកំពុងជួបប្រទះនូវបញ្ហាការកកស្ទះចរាចរណ៍។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកអគ្គរដ្ឋទូត បានលើកឡើងពីសំណូមពរមួយចំនួនរួមមាន៖ ទី១-ពិនិត្យឡើងវិញលើអនុស្សរណៈយោគយល់ (MoU) ចំពោះកូតារថយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែនពី ៥០០គ្រឿង ទៅ៨០០គ្រឿង និងការជំរុញឱ្យមានការចុះហត្ថលេខាកំឡុងពេលកិច្ចប្រជុំអាស៊ាន នាដើមខែវិច្ឆិកាខាងមុខ។ ទី២-ការជំរុញការសិក្សា និងការអភិវឌ្ឍការតភ្ជាប់ផ្លូវហាយវ៉េ និងផ្លូវល្បឿនលឿន រវាងប្រទេសទាំងពីរ។

លោកទូត បានលើកឡើងបន្តថា ទី៣-ការជំរុញឱ្យមានការសិក្សាលទ្ធភាពលើការសាងសង់ផ្លូវដែកត្រង់តភ្ជាប់ រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។ ទី៤-ការជំរុញឱ្យមានការអនុវត្តនីតិវិធីត្រួតពិនិត្យច្រកចេញតែមួយ (Single Window Single Inspection) ដើម្បីកាត់បន្ថយការចំណាយពេលវេលាយូរនៅច្រកទ្វារ អន្តរជាតិបាវិត-ម៉ុកបៃ ដែលបណ្តាលឱ្យមានការកកស្ទះ

សម្រាប់ចំណុចទី៥ លោក ទូតបានបញ្ជាក់ថា ការជំរុញឱ្យមានការតភ្ជាប់វិស័យ គមនាគមន៍ក្នុងតំបន់សេដ្ឋកិច្ច និងទេសចរណ៍ និងជាពិសេស ជើងហោះហើរត្រង់ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាឡុង ដើម្បីជំរុញកំណើនទេសចរណ៍របស់ប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក ស៊ុន ចាប់ថុល បានគូសបញ្ជាក់ថា ចំណុចដែល ឯកអគ្គរដ្ឋទូតលើកឡើងខាងលើគឺសុទ្ធតែជាចំណុចគន្លឹះល្អៗ ក្នុងការរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ផងដែរ។

ទាក់ទងនឹងការតភ្ជាប់ផ្លូវល្បឿនលឿន លោក ស៊ុន ចាន់ថុល បានលើកឡើងថា ក្រសួងបានចុះ MoU លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួចរាល់ហើយ គ្រោងនឹង ចុះកិច្ចព្រមព្រៀងសម្បទាន និងការបើកការដ្ឋានសាងសង់នាពេលខាងមុខ។

លោក ទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ នឹងរួចរាល់ដំណាលគ្នា ដើម្បីតភ្ជាប់ក្នុងពេលនោះតែម្តង។ ដោយឡែកចំពោះច្រកទ្វារព្រំដែនព្រៃវល្លិ-ប៊ិញហៀប ក្រសួងនឹងរៀបចំការដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)