Register Already an agent ? Login

កម្ពុជា កំណត់ទិសដៅយកទេសចរវៀតណាម ៧០ម៉ឺននាក់ នៅឆ្នាំ២០២៣ និង១លាននាក់ នៅឆ្នាំ២០២៤

ភ្នំពេញ៖ កម្ពុជា បានកំណត់ទិសដៅទាក់ទាញភ្ញៀវទេសចរវៀតណាមឱ្យបាន ៧០ម៉ឺននាក់ នៅឆ្នាំ២០២៣ និងឱ្យបាន ១លាននាក់ នៅឆ្នាំ២០២៤ ខណៈភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត ដើម្បីរួមគ្នាសម្រេចឱ្យបានទិសដៅនេះ។

ការលើកឡើងនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ង្វៀន ហ៊ុយតាង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះ លោក ថោង ខុន បានស្នើដល់ ឯកអគ្គរដ្ឋទូតវៀតណាម ជួយជំរុញសម្រេចឱ្យបានទិសដៅទាក់ទាញភ្ញៀវទេសចរវៀតណាមឱ្យបាន ៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបាន១លាននាក់ នៅឆ្នាំ២០២៤ ខណៈត្រឹមរយៈពេល ៨ខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរវៀតណាមជាង ២៣ម៉ឺននាក់ហើយ។

លោក ថោង ខុន បានបន្តថា ក្នុងពេលដែលសកលលោកមិនទាន់រួចផុតពីការរាតត្បាតជំងឺកូវីដ-១៩ សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជា ការជំរុញចលនាទេសចរជាមួយប្រទេសជិតខាង ឬក្នុងតំបន់គឺជាការសំខាន់បំផុត ដូច្នេះភាគីកម្ពុជានិងវៀតណាមត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នាបន្ថែមទៀត ដើម្បីជំរុញឱ្យមានចលនាទេសចរទៅវិញទៅមក ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។

លោក ថោង ខុន បានស្នើភាគីវៀតណាមជួយបន្តផ្តល់អាហារូបករណ៍ដល់ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ការងារក្នុងវិស័យទេសចរណ៍។ កន្លងមកភាគីវៀតណាមបានផ្ដល់អាហារូបករណ៍ និងវគ្គសិក្សាខ្លីៗជូនដល់និស្សិត/សិក្ខាកាមកម្ពុជាសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ផងដែរ។

នៅក្នុងជំនួបនោះ ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការតភ្ជាប់ផ្លូវទឹកឱ្យកាន់តែប្រសើរឡើង ពិសេសតភ្ជាប់ពីកំពង់ផែទេសចរណ៍នៅកោះត្រល់មកកំពង់ផែទេសចរណ៍កំពត ខណៈកំពង់ផែទេសចរណ៍នេះក៏ត្រៀមដាក់ឱ្យដំណើរនៅអំឡុងត្រីមាសទី២ ឆ្នាំ២០២៣ខាងមុខ។

ចំពោះការតភ្ជាប់ផ្លូវអាកាស ភាគីទាំងពីរបានជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងគោលដៅទេសចរណ៍មួយចំនួន រួមមាន សៀមរាប-កោះត្រល់ ព្រះសីហនុ-ហាឡុង សៀមរាប-ហាយហ្វុង សៀមរាប-កាន់ថឺរ ខណៈគោលដៅទេសចរណ៍ទាំងនេះគឺសុទ្ធតែជាគោលដៅដ៏សំខាន់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញចលនាទេសចរបើកដោយខ្លួនឯងឆ្លងកាត់ប្រទេសទាំងពីរ និងទៅប្រទេសទី៣។

ភាគីទាំងពីរបានឯកភាពគ្នានឹងជំរុញការផ្លាស់ធុរកិច្ច និងទស្សនកិច្ចរវាងវិស័យសាធារណៈ និងឯកជនឱ្យបានច្រើន ពិសេសវិស័យឯកជន ដោយហេតុថាវិស័យឯកជនគឺភ្នាក់ងារដ៏សំខាន់ក្នុងការនាំភ្ញៀវទេសចរ។ ម្យ៉ាងទៀតក៏នឹងជំរុញឱ្យមានការរៀបចំនិងចូលរួមព្រឹត្តិការណ៍ទេសចរណ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីជំរុញការផ្សព្វផ្សាយពីគោលដៅទេសចរណ៍រវាងកម្ពុជានិងវៀតណាម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)