Register Already an agent ? Login

បញ្ហាវិបត្តិសកលកំពុងធ្វើឱ្យទីផ្សារខុនដូនៅភ្នំពេញបន្តជួបបញ្ហា ទាំងដំណើរការសាងសង់ និងសកម្មភាពទិញ លក់ ឬជួល

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញ ​ក្នុង​ត្រីមាស​ទី៣ ឆ្នាំ​២០២២ មិនមាន​គម្រោង​អភិវឌ្ឍន៍​អគារ​ខុនដូ​ណា​បញ្ចប់​ការសាងសង់​ឡើយ ដោយ​ចំនួន​បន្ទប់​ខុនដូ​នៅ​ភ្នំពេញ​នាពេល​នេះ​មាន​ចំនួន​ជាង ៣៦,០០០​យូនីត​។ បើតាមរបាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បានបញ្ជាក់ថា បញ្ហា​វិបត្តិ​សកល​កំពុង​ធ្វើឱ្យ​ទីផ្សារ​ខុនដូ​នៅ​រាជធានី​ភ្នំពេញ​បន្ត​ជួប​បញ្ហា ទាំង​ដំណើរការ​សាងសង់ និង​សកម្មភាព​ទិញ លក់ ឬ​ជួល​។

សម្រាប់​តម្លៃ​លក់​ខុនដូ​ក្នុង​ត្រីមាស​ទី៣ ឆ្នាំនេះ​ធៀប​នឹង​ត្រីមាស​ទី​២ ឆ្នាំ​២០២២ គឺ​បន្ទប់​ខុនដូ​ប្រណីត​មាន​តម្លៃ​លក់​ជា​មធ្យម ២,៦៣៩ដុល្លារ​ក្នុង ១​ម៉ែត្រការ៉េ ធ្លាក់ចុះ​ប្រមាណ ១,២​%​, ខុនដូ​ប្រភេទ​មធ្យម មានតម្លៃ ២,០៧៨ ​ដុល្លារ ធ្លាក់ចុះ ០,៨% និង​ប្រភេទ​តម្លៃ​សមរម្យ មានតម្លៃ ១,៤០៨​ដុល្លារ​ធ្លាក់ចុះ ០,២%​។ បើតាម CBRE Cambodia។

បើតាម CBRE Cambodia បានបន្តថា ដោយឡែក​សម្រាប់​តម្លៃ​ជួល គឺ​ខុនដូ​ប្រណីត មាន​តម្លៃ​ជា​មធ្យម ១១​ដុល្លារ​ក្នុង ១ ​ម៉ែត្រការ៉េ​សម្រាប់​រយៈពេល​ ១​ខែ ធ្លាក់ចុះ ០,៣​%​, ប្រភេទ​តម្លៃ​មធ្យម មានតម្លៃ ៩,៥​ដុល្លារ ធ្លាក់ ០,៩% និង​ប្រភេទ​តម្លៃ​សមរម្យ មានតម្លៃ ៧,៨​ដុល្លារ ធ្លាក់ ២,៣%​។

តម្លៃ​លក់ និង​ជួល​ខុនដូ​ក្នុង​ត្រីមាស​ទី​៣ បាន​ធ្លាក់ចុះ​បន្ទាប់ពី​ការងើបឡើង​បន្តិច​កាលពី​ត្រីមាស​ទី​២​។ យ៉ាងណា​អត្រា​ប្រែប្រួល​មាន​កម្រិត​តិចតួច​ប៉ុណ្ណោះ ហើយ​និន្នាការ​នេះ​អាច​នៅ​បន្ត​រហូត​ដល់​ដំណាច់ឆ្នាំ​។ ក្នុង​ឆ្នាំ​២០២៣ យើង​រំពឹងថា​សកម្មភាព​ទិញ លក់ ជួល អាច​នឹង​មាន​កំណើន​ល្អ​ជាង​ឆ្នាំ​២០២២ ដោយសារ​មិន​មាន​ការបើក​លក់​គម្រោង​ថ្មីៗ​ច្រើន ហើយ​តម្លៃ​នៅ​បន្ត​មាន​ស្ថិរភាព។ បើតាម អ្នកនាង គឹម គិនកេសា នាយិការង​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន CBRE Cambodia ដែលបាន​ប្រាប់ភ្នំពេញប៉ុស្តិ៍។

ភ្នំពេញប៉ុស្តិ៍ ក៏បានស្រង់សំដី លោក សំ សុខនឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល ដោយលើកឡើងថា ទោះបី​ប្រទេស​កម្ពុជា​បាន​បើក​ដំណើរការ​សង្គម និង​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ​ពី​វិបត្តិ​ជំងឺ​កូវីត​-១៩ ជិត ​១​ឆ្នាំ​ហើយក៏​ដោយ ប៉ុន្តែ​ស្ថានភាព​ទីផ្សារ​ខុនដូ​ក្នុង​ត្រីមាស​ទី​៣ កន្លងមក​មិនទាន់​ល្អ​វិញ​នោះទេ ដោយ​តម្រូវការ​របស់​វា​នៅមាន​កម្រិត​ទាប ហើយ​តម្លៃ​ក៏​ធ្លាក់ចុះ​តិចតួច​ដែរ​។

លោក សំ សុខនឿន លើកឡើងបន្តថា ការធ្លាក់ចុះ​តម្លៃ​ខុនដូ​ក្នុង​រាជធានី​-​ភ្នំពេញ​នៅពេល​នេះ ក៏​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​ខ្មែរ​ដែល​ចង់​រស់នៅ ឬ​មាន​បំណង​វិនិយោគ​លើ​ខុនដូ​មាន​លទ្ធភាព​ក្នុង​ការទិញ​ខុនដូ​កាន់តែ​ច្រើន​។ ចាប់តាំងពី​មាន​វត្តមាន​កូវីដ​-១៩ ​ធ្វើឱ្យ​ចំនួន​ជនបរទេស​នៅ​កម្ពុជា​ធ្លាក់​ចុះ ហើយ​គម្រោង​អភិវឌ្ឍន៍​ខុនដូ​មួយ​ចំនួន​បាន​ទម្លាក់​តម្លៃ​ខ្លះៗ និង​បាន​ប្តូរ​ទិសដៅ​មករក​អតិថិជន​ក្នុងស្រុក​។

​រយៈពេល ៨​ខែ​ឆ្នាំ២០២២ ចំនួន​គម្រោង​ដែល​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​សាងសង់​មាន​ចំនួន ២,៨១១គម្រោង បានធ្លាក់ចុះ ៩០គម្រោង និង​មាន​តម្លៃ​វិនិយោគ ១,៦៦២​លាន​ដុល្លារ ធ្លាក់ចុះ ៥៦,៧% ក្នុងនោះ​ប្រភេទ​សំណង់​លំនៅឋាន មាន​ចំនួន ២,៥២១គម្រោង (​ស្មើនឹង ៨៩,៧% ​នៃ​សំណើសុំ​សាងសង់​សរុបធ្លាក់ចុះ​ ៩​គម្រោង ​បើ​ធៀបនឹង​ឆ្នាំ​២០២១។ បើតាមរបាយការណ៍របស់ក្រសួងដែលដី នគរូបនីយកម្មនិងសំណង់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)