Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-អូស្រ្តាលីមានទឹកប្រាក់ជា៤០០លានដុល្លារ ៩ខែឆ្នាំ២០២២ ដែលកម្ពុជានាំចេញកើនទ្វេដង

ភ្នំពេញ៖ រយៈពេល ៩ខែឆ្នាំ២០២២ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ​កម្ពុជា-​អូស្ត្រាលី​ មានទឹកប្រាក់ ៤០៤,៤៧លាន​ដុល្លារ កើនឡើង​ ១០០,៣% ​ធៀប​នឹង​ឆ្នាំ២០២១ ដែលមានទឹកប្រាក់ ២០១,៨៨លាន​ដុល្លារ។ បើតាមរបាយការណ៍អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់ថា ​​ក្នុង​នោះ​កម្ពុជា​នាំទៅ​អូស្ត្រាលី ​មាន​ចំនួន ២៨៣,៥៥លាន​ដុល្លារ កើនឡើង ១៣២,៦% និង​ការនាំ​ទំនិញ​ពី​អូស្ត្រាលី​មាន​ទឹកប្រាក់ ១២០,៩១​លាន​ដុល្លារ ​កើនឡើង ៥១,២%​។

ការនាំចេញ​របស់​កម្ពុជា​ទៅ​អូស្ត្រាលី​កើន​ខ្ពស់​ ដោយសារ​ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង RCEP ចាប់តាំងពី​ដើមឆ្នាំ​ ២០២២​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ​កម្ពុជា បាននិង​កំពុង​ខិតខំ​បង្កើន​ការនាំ​ទំនិញ​របស់​ខ្លួន​ទៅ​ទីនោះ ដែល​មាន​ដូចជា អង្ករ សម្លៀកបំពាក់ និង​មាស ជាដើម​។ បើតាមការលើកឡើងរបស់ លោក គី សេរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា។

កិច្ចព្រមព្រៀង​ RCEP និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​ទៀត​ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​កំពុង​ជួយ​ឱ្យ​ទំនិញ​កម្ពុជា​កាន់តែ​ច្រើន​ត្រូវបាន​នាំទៅ​បរទេស​។ បើតាមការលើកឡើងបន្តរបស់ លោក គី សេរីវឌ្ឍន៍ បានបន្ថែមថា RCEP ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏ធំ​ដោយ​មាន​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ ១០ ព្រម​ជាមួយ​នឹង​ប្រទេស​អូស្ត្រាលី ចិន ជប៉ុន កូរ៉េ​ខាងត្បូង និង​នូវែលសេឡង់​។

លោក ងួន ម៉េងតិច អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​កម្ពុជា និង​អូស្ត្រាលី​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ពិសេស​នា​រយៈពេល​ ២-៣ ​ឆ្នាំ​ចុងក្រោយ​នេះ​។

លោក បានបន្តថា កំណើន​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការនាំចេញ​របស់​កម្ពុជា​ទៅ​អូស្ត្រាលី គឺ​មកពី​កត្តា​សំខាន់ៗ​មួយ​ចំនួន​ដូចជា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត​, ការបើក​ប្រទេស និង​សេដ្ឋកិច្ច​បាន​ឆាប់​ពី​វិបត្តិ​កូវីដ​-១៩ និង​ជាពិសេស​ប្រទេស​ទាំងពីរ ​ជា​សមាជិក​នៃ RCEP ដែល​មាន​ការផ្តល់​ភាព​អនុគ្រោះ​ផ្នែក​ពន្ធ​ឱ្យ​គ្នា​ទៅវិញ​ទៅមក​។

អូស្ត្រាលី ​ជា​ប្រទេស​រីកចម្រើននិង​ប្រជាជន​មាន​ចំណូល​ខ្ពស់ ដូច្នេះ​បើ​កម្ពុជា​អាច​ផលិត​ទំនិញ​បាន​កាន់តែ​ច្រើន និង​មាន​គុណភាព​កម្រិត​ស្តង់ដា​រនោះ វា​នឹង​ធ្វើឱ្យ​ការនាំ​ចេញ​ទៅ​អូស្ត្រាលី​មាន​កាន់តែ​ច្រើន ពិសេស​ផលិតផល​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង RCEP​។ បើតាមការបន្ថែមរបស់ លោក ងួន ម៉េងតិច។

គួររម្លឹកថា កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ២០២២ ​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានជួបពិភាក្សាជាមួយ លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា មន្រ្តីជាន់ខ្ពស់ទាំងពី​បាន​អះអាង​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការលើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំង ខណៈ​ប្រទេស​ទាំងពីរ​ជា​សមាជិក​នៃ​ហត្ថលេខី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ RCEP​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)