Register Already an agent ? Login

សម្ដេចតេជោ៖ វិស័យចំនួន៣ បានកាត់បន្ថយភាពក្រីក្រនៅកម្ពុជាពីអត្រា ៥៣,២% មកត្រឹម១៧,៨% ក្នុងឆ្នាំ២០២០

ភ្នំពេញ៖ កម្ពុជា បានកាត់បន្ថយភាពក្រីពីអត្រា ៥៣,២% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៧,៨% ក្នុងឆ្នាំ២០២។ បើតាមការថ្លែងឱ្យដឹងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា គួរឱ្យកត់សម្គាល់ វិស័យកាត់ដេរ និងផលិតស្បែកជើង វិស័យកសិកម្ម និងវិស័យទេសចរណ៍ បានចូលរួមកាត់បន្ថយភាពក្រីក្រ ដោយរាជរដ្ឋាបាលបានបង្កើតការងារជូនប្រជាជនរាប់លាននាក់។

ការថ្លែងខាងលើរបស់ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្ដារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩» នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្តថា ដើម្បីតម្រង់ទិសដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណចំនួន ៤ដំណាក់កាល រួចមកហើយ ។

នៅក្នុងគ្រប់ដំណាក់កាលនីមួយៗ រាជរដ្ឋាភិបាលតែងកំណត់ «មនុស្ស» ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង៤ គឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ។ ជាពិសេសចាប់ពីដំណាក់កាលទី៣មក រាជរដ្ឋាភិបាលបានកំណត់ «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។ បើតាមការគូសបញ្ជាក់របស់ ប្រមុខរាជរដ្ឋាភិបាល។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ជាមួយគ្នានេះក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយមុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាសម្រេចបានអត្រាកំណើនជាង ៧% ក្នុងមួយឆ្នាំដែលការណ៍នេះបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈ​ពីប្រទេសមានការអភិវឌ្ឍតិចតួចទៅ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥។

ជាមួយសមិទ្ធផលដ៏ត្រចះត្រចង់នេះ រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បើតាមការលើកឡើងបន្តរបស់​ សម្ដេចតេជោ បានបន្ថែមថា ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនាអំឡុងពេលដែលជំងឺកូវីដ-១៩ បាននិងកំពុងរាលដាលនេះ ដំណើរឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យទាំងនេះអាចជួបប្រទះនឹងការរាំងស្ទះ។

ជាការពិត នៅក្នុងឆ្នាំ២០២០ ជំងឺដ៏កាចសាហាវនេះបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% ដែល ជាកំណើនអវិជ្ជមានលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ ចុងក្រោយនេះ។ បើតាមការលើកឡើងបន្ថែមទៀតរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមទៀតថា ជាការឆ្លើយតប បន្ថែមពីលើវិធានការសុខាភិបាល រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងជីវភាពរបស់ កម្មករ-និយោជិត ក៏ដូចជាគ្រួសារក្រីក្រនិងងាយរងគ្រោះ។

សម្ដេចតេជោ បានលើកឡើងទៀតថា ទន្ទឹមនេះ រាជរដ្ឋាភិបាលបានកៀរគរកម្លាំងសរុបរបស់ជាតិ ដើម្បីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងបង្កើតបានភាពស៊ាំសហគមន៍ដ៏រឹងមាំមួយទូទាំងប្រទេស។ សមិទ្ធផលនេះ បានអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យតាំងពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២១ ប្រកបដោយសុវត្ថិភាពរហូតមកដល់ថ្ងៃនេះ និងបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញជាបណ្តើរៗប្រកបដោយភាពធន់ និងរឹងមាំ។

ថ្វីត្បិតតែជំងឺកូវីដ-១៩ បានថមថយបញ្ហាប្រឈមផ្សេងទៀតក៏បាន និងកំពុងកើតមានឡើងជាបន្តបន្ទាប់ ដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងសម្ពាធអតិផរណាបូករួមទាំងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ដែលបាននិងកំពុងដាក់សម្ពាធបន្ថែមមកលើអាយុជីវិត និងជីវភាពរបស់ប្រជាជនយើង ជាពិសេសប្រជា-ជនក្រីក្រ និងងាយរងគ្រោះ។ បើតាមការលើកឡើងបន្ថែមរបស់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាល បានលើកឡើងដោយមានមោទកភាពថា កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសឈានមុខមួយ ដែលបានគ្រប់គ្រងនិងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ក្នុងបរិការណ៍ដែលប្រទេសជាច្រើននៅ ជុំវិញពិភពលោកនៅបន្តជួបប្រទះនឹងការឆ្លងរាលដាលនៅឡើយ រាជរដ្ឋាភិបាលបាននិងកំពុងព្យាយាមប្រែក្លាយវិបត្តិឱ្យទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាព ប្រកួតប្រជែងរបស់កម្ពុជា។

ក្នុងនោះ កាលពីខែតុលា ឆ្នាំ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មីដោយមាន ការកំណត់នូវការផ្តល់ការលើកទឹកចិត្ត និងការការពារដល់វិនិយោគិនជាក់លាក់ និងច្បាស់លាស់ ក្នុងបំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា។

បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងបាននិងកំពុងជំរុញការអនុវត្ត ​ឯកសារគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗ ដូចជាវិស័យកាត់ដេរ យានយន្ត អេឡិចត្រូនិក កសិកម្ម ទេសចរណ៍ ប្រៃសណីយ៍ និងប្រសិទ្ធភាពថាមពលជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)