Register Already an agent ? Login

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ១៥០ ទុនវិយោគជិត៤ពាន់លានដុល្លារ ៩ខែឆ្នាំ២០២២

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៥០គម្រោង ទុនវិនិយោគ​ ៣៥០០លានដុល្លារ ៩ខែឆ្នាំ២០២២ រួមមាន៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបក កង់យានយន្ត, រោងចក្រផលិតសម្ភារបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលប្លាស្ទិក, គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។

គម្រោងវិនិយោគ រយៈពេល៩ខែ ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ មានការកើនឡើងចំនួន ១៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ១០១លានដុល្លារ បើធៀបនឹងឆ្នាំ២០២១។ បើតាមការបញ្ជាក់របស់ លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខវៀងទី១ ដោយ​បានចូលរួមចំណែកប្រមាណ ៥១% នៃទុនវិនិយោគសរុប ខណៈការវិនិយោគមកពីប្រទេសចិន ឈរនៅលំដាប់លេខរៀងទី២ រយៈពេល៩ខែ កន្លងមកនេះ។ បើតាមការលើកឡើងឱ្យដឹងពី លោក សុខ ចិន្ដាសោភា បានគូសបញ្ជាក់ថា តួលេខវិនិយោគនេះ មានការកើនឡើងទាំងចំនួនគម្រោងវិនិយោគ និងទុនវិនិយោគ បើធៀបនឹងឆ្នាំ២០២១ ពុំមែនជាការចៃដន្យនោះទេ។

លោក បានបន្តទៀតថា ទាំងនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជ័យជម្នះ ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈប្រើប្រាស់វ៉ាក់សាំងជាអាវុធយុទ្ធសាស្រ្តគន្លឹះ។ កត្តានេះបានផ្ដល់លទ្ធភាពឱ្យកម្ពុជា អាចបើកដំណើរការសង្គមសេដ្ឋកិច្ច លើគ្រប់វិស័យឡើងវិញ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តខិតខំជំរុញនិងទាក់ទាញការវិនិយោគ តាមរយៈបន្តពង្រឹងយន្តការថែទាំវិនិយោគ និងការបន្តចូលរួមអនុវត្តនូវវិធានការកែទម្រង់នានា របស់រាជរដ្ឋាភិបាល ពិសេសវិធានការទាំងឡាយ ដែលសម្រួលដល់ការវិនិយោគសម្រាប់វិនិយោគិនក្នុង និងក្រៅប្រទេស។ បើតាមការលើកឡើងបន្ថែមរបស់ លោក សុខ ចិន្ដាសោភា។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែកញ្ញា ឆ្នាំ២០២២ បានអនុម័តក្រុមហ៊ុនចំនួន ២១គម្រោង ដែល​វិយោគទុនជាង ១៣០លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតផលគ្រឿងសង្ហារិម និងសាងសង់ប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា។ ការអនុម័តរបស់ CDC ដល់ក្រុមហ៊ុននេះគឺ អាចផ្តល់ការងារដល់ពលរដ្ឋជាង ៣៤ ៨៣៤កន្លែង៕

ដោយ៖ មឿន ឌីណា (Mouen Dyna)