Register Already an agent ? Login

ស្រ្តី ជាចលករប្រែក្លាយទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្ដៅ ស្អាត និងបៃតង

ភ្នំពេញ៖ ស្ត្រី ជាចលករដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងជាផ្នែកមួយនៃការប្រែក្លាយទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្ដៅ ស្អាត និងបៃតង។ បើតាមការថ្លែងរបស់ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា តាមរយៈសកម្មភាពរដ្ឋបាល សេវាកម្ម អាជីវកម្ម និងការធ្វើបដិសណ្ឋារកិច្ចរបស់ស្ត្រី។

ការថ្លែងខាងលើរបស់ លោកស្រី ហ៊ុន ដានី តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ត្រីមាសទី៣ ឆ្នាំ២០២២ ដើម្បីធ្វើការត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដាក់ចេញនូវទិសដៅអនុវត្តបន្ត កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២។

លោកស្រី ហ៊ុន ដានី បានថ្លែងបន្តថា ផ្តើមពីតួនាទីដ៏មានសារ:សំខាន់របស់ស្ត្រី ក្រសួងទេសចរណ៍បានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពល និងជាភាគីពាក់ព័ន្ធមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។

លោកស្រី បានថ្លែងបញ្ជាក់ថា ស្ត្រីក្នុងវិស័យទេសចរណ៍បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទីក្រុងស្អាត ការថែរក្សាអនាម័យ សោភ័ណភាព និងពង្រឹងគុណភាពផលិតផល ក៏ដូចជាសេវាកម្មក្នុងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើង។ នៅក្នុងសកម្មភាពទីក្រុងស្អាតស្ត្រីមានការពាក់ព័ន្ធជាសារវន្ត ដោយសារស្ត្រីភាគច្រើនជាអ្នកបម្រើការផ្ទាល់នៅនឹងកន្លែងបន្ទប់ទឹក បង្គន់សាធារណៈ ផ្ទះបាយ ឬកន្លែងចម្អិនម្ហូបអាហារ ស្ត្រីជាអ្នកដើរផ្សារ ជាមេផ្ទះ ជាអ្នកបោសជូតសម្អាត និងជាអ្នកអប់រំកូនចៅនៅក្នុងគ្រួសារ ដែលការងារទាំងនេះជះឥទ្ធិពលទៅនឹងបរិស្ថាន អនាម័យទីក្រុងស្អាត តាមរយ:ការវេចខ្ចប់ទុកដាក់សំរាម ការប្រើប្រាស់ថង់ប្លាស្ទីក និងផលិតផលក្នុងស្រុក។

លោកស្រី ហ៊ុន ដានី បានថ្លែងបន្ថែមថា ស្ត្រីក៏បានចូលរួមក្នុងការអនុវត្តផែនទីចង្អុលផ្លូវ (Road-Map) ស្តីពីការស្ដារនិងលើកស្ទួយវិស័យ ទេសចរណ៍ (២០២០-២០២៥) ព្រមជាមួយការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមាក្នុងវិស័យទេសចរណ៍ (SOP) ដើម្បីដំណើរការទេសចរណ៍ និងពង្រឹងគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង។ ក្នុងន័យនេះស្រ្តីភាគច្រើនក៏បាននិងកំពុងបន្តការងារតាមបែបគន្លងថ្មី ហើយបានចូលរួមអនុវត្តយ៉ាងសកម្មនិងត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួង ទាំងក្នុងវិស័យរដ្ឋនិងឯកជន ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗនៅក្នុងពិភពលោកបាននិងកំពុងប្រឈមផលប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពទេសចរណ៍ និងការប្រកបអាជីវកម្មទេសចរណ៍ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ក្នុងនោះមានទាំងស្ត្រីផងដែរ ជាកត្តានាំឱ្យមានការបង្អាក់ដល់ខ្សែចង្វាក់សេដ្ឋកិច្ចកម្ពុជាក៏ដូចជាការអភិវឌ្ឍនៃវិស័យទេសចរណ៍កម្ពុជា។ បើតាមការថ្លែងបន្ថែមទៀតរបស់ លោកស្រី ហ៊ុន ដានី។

លោកស្រី បានលើកឡើងថា ប៉ុន្តែ ជាភ័ព្វសំណាងរបស់កម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូរស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដែលធ្វើឱ្យកម្ពុជាឈានដល់ការបង្កើតភាពសាំនៅក្នុងសហគមន៍ និងឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងទេសចរណ៍ឡើងវិញតាមគន្លងប្រក្រតីភាពថ្មីរហូតឈានដល់ការទទួលចំណាត់ថ្នាក់ជាប្រទេសដែលអាចបើកសកម្មភាពសេដ្ឋកិច្ច សង្គមលឿនជាងគេ និងជាប្រទេសដែលមានសុវត្ថិភាពសម្រាប់ទស្សនាទេសចរណ៍ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)