Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា មានតម្លៃប្រមាណ ៨០៤លានដុល្លារ ៨ខែឆ្នាំ២០២២ កើនជិត២៣%

ភ្នំពេញ៖ ៨ខែ​ឆ្នាំ​២០២២ ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជានិងកាណាដា ​មាន​ទឹកប្រាក់​សរុប ៨០៤.៤​លាន​ដុល្លារ កើនឡើង ២២,៦% ​បើ​ធៀបនឹងគ្នា​ឆ្នាំ​២០២១ ដែល​មានទឹកប្រាក់ ៦៥៦.០៧លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាណាដា ៧៨០.១៩លាន​ដុល្លារ កើន ២៤% និង​ទំនិញ​នាំ​ពី​កាណាដា ២៤,២២លាន​ដុល្លារ ធ្លាក់ចុះ ១០,៤%​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា

យោងតាម​ស្ថិតិ​ខាងលើ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា រយៈពេល​ ៨​ខែ ឆ្នាំ ២០២២ មាន​ឧត្តមភាព ៧៥៥.៩៧​លាន​ដុល្លារ​។ រយៈពេល​ ៨​ខែ ឆ្នាំ​២០២២ កាណាដា គឺជា​ទីផ្សារ​ធំ​ទី៥ ដែល​ទិញ​ទំនិញ​ពី​កម្ពុជា បន្ទាប់ពី​អាមេរិក វៀតណាម ចិន និង​ប្រទេស​ជប៉ុន​។

ក្នុង​ឆ្នាំ២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​-​កាណាដា មាន​ទឹកប្រាក់​សរុប ៩៩៤.៧២​លាន​ដុល្លារ ​កើនឡើង ២៣,៣% ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០​។ ក្នុងនោះ​កម្ពុជា​នាំចេញ​ទំនិញ​ទៅ​កាណាដា មាន​ទឹកប្រាក់ ៩៥៤.៨៣​លាន​ដុល្លារ កើនឡើង ២៧,១% ខណៈ​ទំនិញ​ដែល​កាដាណា​នាំមក​កម្ពុជា​មាន​ទឹកប្រាក់ ៣៩.៨៩លាន​ដុល្លារ ថយចុះ ២៨,២%​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានថ្លែង​ប្រាប់​ភ្នំពេញប៉ុស្តិ៍ថា​ កាណាដាគឺជា​ទីផ្សារ​ទទួល​ទិញ​ទំនិញ​ធំ​ពី​កម្ពុជា ​ដោយ​ទឹកប្រាក់​ដែល​កម្ពុជា​នាំទៅ​កាណាដា​បាន​កើន​ជា​រៀងរាល់ឆ្នាំ​។ កំណើន​នេះ គឺ​ដោយសារ​កត្តា​មួយចំនួន​ដូចជា ភាពល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​ការទូត​ ការផ្តល់​ភាពអនុគ្រោះ​ផ្នែក​ពន្ធគយ​ (GSP) ​របស់​កាណាដា​ សម្រាប់​ទំនិញ​កម្ពុជា​ កម្ពុជា​មាន​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​នៅ​ទីនោះ​ផងដែរ​។

លោក លឹម ហេង បានថ្លែងបន្តថា ទំនិញ​កម្ពុជា​នាំ​ទៅ​ទីផ្សារ​កាណាដា​ភាគច្រើន​ជា សម្លៀកបំពាក់ ផលិតផល​ធ្វើដំណើរ ស្បែកជើង កង់ គ្រឿង​ដង្គុំ​អគ្គិសនី​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម ចំណែក​ទំនិញ​នាំ​ពី​កាណាដា មាន​ដូចជា រថយន្ត គ្រឿងសំណង់ និង​គ្រឿង​បរិក្ខារ​ប្រើ​បច្ចេកវិទ្យា​ទំនើបៗ​។

តាមរយៈ​ផែនការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​កាណាដា​នឹង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​កម្ពុជា​នា​ខែវិច្ឆិកា​ខាងមុខ លោក​រំពឹងថា នឹង​មាន​ការពិភាក្សា​មួយចំនួន​ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​កម្ពុជា​-​កាណាដា​ផងដែរ​។ បើតាមការថ្លែងបន្តរបស់ លោក លឹម ហេង។

សូមរម្លឹកថា កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក្នុងជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​កាណាដាប្រចាំ​កម្ពុជា លោកស្រី Sarah Taylor បាន​ស្នើឱ្យ​រដ្ឋាភិបាល​កាណាដា​ពិនិត្យ​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​កម្ពុជា និង​ស្នើឱ្យ​មាន​ជំនួប​ពាណិជ្ជកម្ម​រវាង​វិនិយោគិន​ប្រទេស​ទាំងពីរ​។

កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២ សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅក្នុង​ទីក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា ​ការិយាល័យ​នោះ​ត្រូវ​ប្រើប្រាស់​ជា​កន្លែង​ជួបពិភាក្សា និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគ​របស់​កម្ពុជា​ទៅកាន់​វិនិយោគិន​ដែលមាន​ចំណាប់​អារម្មណ៍​ចំពោះ​ការបណ្ដាក់ទុន​នៅ​កម្ពុជា​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)