Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គ.ម ក្នុងខេត្តកោះកុងសម្រេចបានជិត ១១%

កោះកុង៖ យោងតាមរបាយការណ៍របស់អង្គភាពគ្រប់គ្រងគម្រោងឱ្យដឹងថា គិតរហូតមកទល់ពេលនេះ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបានចំនួន ១០,៧៣% គិតចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២មក។

លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំគណៈប្រតិភូដែលការចូលរួមពីលោកស្រី Minnie Chey នាយិកាមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនសាងសង់ ក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

បេសកកម្មនេះមានគោលបំណងពិនិត្យមើលស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង និងរៀបចំផែនការសកម្មភាព និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់នៅក្នុងរដូវប្រាំងខាងមុខនេះ ឱ្យសម្រេចបានតាមផែនការគម្រោងដែលបានកំណត់។

នៅក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូបានចុះពិនិត្យមើលការងារបច្ចេកទេសនៃទីតាំងការដ្ឋានសំខាន់ៗមួយចំនួន រួមទាំងទីតាំងការដ្ឋានកែសម្រួលតម្រាយផ្លូវចំណោតតាតៃឱ្យស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យរថយន្តដឹកជញ្ជូនទំនិញ ក៏ដូចជាការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋធានាបាននូវសុវត្ថិភាពក្នុងការបើកបរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសធានាបានអនុលោមភាពតាមស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវបានរឹងមាំ ដែលអាចទទួលយកបានរវាងភាគីពាក់ព័ន្ធទាំងអស់។

ផ្លូវជាតិលេខ៤៨ តភ្ជាប់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៤៨នេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និងផ្លូវ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់២១.៥ម៉ែត្រ។

កំណត់ផ្លូវនេះមានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះប្រវែង ១២២.៩គីឡូម៉ែត្រ មានចំនួនពីរគន្លងប្រវែង ២៥,១គីឡូម៉ែត្រ មានចំនួន ៤គន្លង លើទីតាំងចំនួន៤ រួមមានគឺ៖

១-ប្រវែង ១២គីឡូម៉ែត្រ (គ.ម ០+០០០-គ.ម ១២+០០០) ២-ប្រវែង ៣,៤គីឡូម៉ែត្រ (គ.ម ៥៧+៧០០- គ.ម ៦១+១០០) ចំណុចអន្ទង់អាំង និងជាកន្លែងប្តូរខ្សែ ផ្លូវថ្មីទី១(Realignment) ៣-ប្រវែង ៤,២គីឡូម៉ែត្រ (គ.ម១២៤+៤០០-គ.ម១២៨+៦០០) ចំណុច ចំណោតតាតៃ និងជាកន្លែងប្តូរខ្សែផ្លូវថ្មីទី២ (Realignment) និង៤-ប្រវែង ៥,៥គីឡូម៉ែត្រ(គ.ម ១៤២+៥០០-គ.ម ១៤៨+០៣៨) ទទឹងផ្លូវ ១១ម៉ែត្រ (ពីរគន្លង) ១៨,៥ម៉ែត្រដល់ ២១,៥ម៉ែត្រ (៤គន្លង) ក្រាលបេតុងកៅស៊ូ(AC) (កម្រាស់ ០៧សង់ទីម៉ែត្រ) បេតុងសរសៃដែក (២៥សង់ទីម៉ែត្រ) ត្រង់ផ្លូវប្រសព្វ។

សូមរម្លឹកថា គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣២ខែ គ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture គ្រោងចំណាយថវិកាសរុបប្រមាណ ៦៥,១៤លានដុល្លារ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដោយមិនរាប់បញ្ចូលថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)