Register Already an agent ? Login

នាឱកាសបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ កម្ពុជាទទួលបានភ្ញៀវសរុបជាង ១លាន២សែននាក់

ភ្នំពេញ៖ នាពិធីបុណ្យភ្ជុំបិណ្ឌនិងការដើរកម្សាន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ១លាន២សែននាក់ ក្នុងនោះខេត្តបាត់ដំបង សៀមរាប ប៉ៃលិន ទទួលបានភ្ញៀវច្រើនជាងគេដាច់។ បើតាមរបាការណ៍របស់ក្រសួងទេសចរណ៍។

នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាយើងទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេស ១,២៥៩,១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៤៤,៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៤,៤៧៩នាក់។

ទាំងនេះជាស្ថិតិប្រចាំថ្ងៃរួមមាន៖*ថ្ងៃទី១ (២៤ កញ្ញា) ទទួលបាន ៣៣៩,៤៥៩នាក់,*ថ្ងៃទី២ (២៥ កញ្ញា) ទទួលបាន ៥១២,១២៦នាក់,*ថ្ងៃទី៣ (២៦ កញ្ញា) ទទួលបាន ៤០៧,៥៣៦នាក់។

ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង១០ (Top 10) សម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖ *ខេត្តបាត់ដំបង ២១០,១២២នាក់ *ខេត្តសៀមរាប ១៤៣,៤៧០នាក់ *ខេត្តកែប ១១៦,៧៧៦នាក់ *ខេត្តពោធិ៍សាត់ ៩៦,៤៥២នាក់ * ខេត្តព្រះសីហនុ ៨៤,៥៥៧នាក់ *ខេត្តកំពង់ចាម ៧៩,៥៧៤នាក់ *ខេត្តកំពត ៧៧,៥៤៨នាក់ *ខេត្តកណ្តាល ៥៤,៥៤៦នាក់ *ខេត្តកំពង់ឆ្នាំង ៥៤,០២៦នាក់ *ខេត្តប៉ៃលិន ៤៩,៧៤៨នាក់។

តួលេខនេះមានកំណើន ៨៩.៤៣% ធៀបនឹងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។ បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ បានបន្តថា ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១កន្លងមក ដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ និងនៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិត ខុសពីឆ្នាំ២០២១កន្លងមក ដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិជំងឺកូវីដ-១៩។

ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ចរាចរណ៍វិញ សង្កេតឃើញថា គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី/ខេត្ត និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានសម្រួលចរាចរណ៍ និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមដងផ្លូវជាតិ និងទីតាំងសំខាន់ៗ។

ដោយឡែក មន្ទីរទេសចរណ៍គ្រប់រាជធានី/ខេត្តក៏បានចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីផ្តល់សេវាកម្មប្រកបដោយគុណភាព តម្លៃសមរម្យ និងបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពិសេសបញ្ចៀសការកកកុញខ្លាំងដូចដែលធ្លាប់កើតមាននាឆ្នាំកន្លងមក។

សម្រាប់រយៈពេល៣ថ្ងៃនេះ សភាពការណ៍ទេសចរណ៍ជារួម រាប់តាំងពីសន្តិសុខសណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរមានភាពល្អប្រសើរធម្មតា និងមិនមានបញ្ហាធំដុំណាមួយកើតឡើងទេ បើទោះបីបណ្តារាជធានី/ខេត្តភាគច្រើនមានភ្លៀងធ្លាក់ខ្លាំង និងបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងការកកស្ទុះនៅតាមតំបន់ និងផ្លូវជាតិសំខាន់ៗមួយចំនួន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)