Register Already an agent ? Login

ភ្ញៀវទេសចរអន្តរជាតិជិត ១លាន មកទស្សនាកម្ពុជា ៩ខែឆ្នាំ២០២២ កើន៧២០% ធៀបនឹងឆ្នាំ២០២១

ភ្នំពេញ៖ ក្រោយការបើកទទួលទេសចរឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ក្នុងរយៈពេល៩ខែដើម ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៩៩៨,២៧២នាក់ កើនឡើង ៧២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ បើតាមការថ្លែងឱ្យដឹងពី លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍។

នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេសចរណ៍» ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក ហោ សារុន បានថ្លែងបន្តថា តាមរយៈតួលេខនេះ យើងអាចព្យាករណ៍ថាក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ១,៥លានទៅ ២លាននាក់ នេះគឺជាក្តីសង្ឃឹមមួយក្នុងការឈានឆ្ពោះទៅរកភាពរីកចម្រើននៃវិស័យទេសចរណ៍ដូចមុនពេលមានវិបត្តិកូវីដ-១៩ កើតឡើង។ លោក បញ្ជាក់ «ជាពិសេសការបង្កើតឱកាសការងារដ៏សម្បូរបែបសម្រាប់ប្រជាជនកម្ពុជា ដែលក្នុងនោះរួមទាំងជនមានពិការភាពផងដែរ»។

លោក បានលើកឡើងថា វិស័យពិការភាពបានក្លាយជាការងារអាទិភាពមួយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើកកម្ពស់យ៉ាងខ្លាំង ដោយបានបញ្ចូលទៅគ្រប់វិស័យផ្សេងៗរួមទាំងការអប់រំ សុខាភិបាល ទេសចរណ៍ ការងារនិងវិជ្ជាជីវៈ លទ្ធភាពទទួលបានការគាំពារសង្គម ជីវិត វប្បធម៌ ការកម្សាន្ត កីឡា និងយេនឌ័រ។

ជនពិការ ទទួលបានឱកាសការងារលើកទឹកចិត្តដល់ជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែងចូលបម្រើការងារ លើកកម្ពស់សេចក្ដីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធិរបស់ជនមានពិការភាពកម្ពុជា។ ជាការលើកឡើងបន្តរបស់ លោក ហោ សារុន បានបន្ថែមថា ក្នុងន័យធានាបានថាជនមានពិការភាពអាចទទួលបានឱកាស និងការលើកទឹកចិត្តជួយជ្រោមជ្រែង ដើម្បីទទួលបានគុណតម្លៃពីការអភិវឌ្ឍន៍ និងការទទួលស្គាល់ដោយពេញមុខពេញមាត់នៅក្នុងសង្គម។

លោក បានលើកឡើងបន្ថែមទៀតថា អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធជួយសម្រួលដល់ជនមានពិការភាពនៅតាមទីសាធារណៈ អាគារស្ថាប័នរដ្ឋ និងឯកជនរាប់ចាប់តាំងពីកន្លែងចំណតរហូតដល់ផ្លូវដើរ ផ្លូវជម្រាលចូលក្នុងអគារនានា បន្ទប់ទឹកជាដើម។ លើសពីនេះទៀត ក៏មានការកំណត់ជ្រើសរើសជនមានពិការភាពដើម្បីធ្វើការក្នុងអត្រា ១% នៃចំនួនកម្មករនិយោជិតសរុបនៃផ្នែកឯកជន និងអត្រា ២% នៅតាមក្រសួងស្ថាប័នរដ្ឋ។

ក្រសួងទេសចរណ៍ បានខិតខំអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនមានពិការភាពចូលបម្រើការងារ ដោយធ្វើការជ្រើសរើសជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវ ក្នុងមុខតំណែងទៅតាមប្រភេទការងារឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការ ក្នុងអត្រា២% នៃចំនួនមន្ត្រីរាជការសរុប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)