Register Already an agent ? Login

ADB បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅកម្រិត៥,៣% ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ មកនៅត្រឹម ពី៦,២%ទៅ៦,៥%

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជានៅកម្រិត ៥,៣% ក្នុងឆ្នាំ២០២២ ប៉ុន្តែបានបន្ទាបការព្យាករឆ្នាំ២០២៣ មកនៅត្រឹមពី ៦,២% ទៅ៦,៥% ដោយសារការចុះខ្សោយ នៃកំណើន សេដ្ឋកិច្ចពិភពលោក។

យោងតាមការធ្វើបច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ (ADO 2022 Update) ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ការនាំចេញផលិតផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរនិងស្បែកជើងរបស់កម្ពុជានៅតែរឹងមាំ ជាមួយកំណើន ៣៩,៨% ក្នុងឆមាសទី១នៃឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ បើទោះបីជាមានការថយចុះនៃកំណើនសេដ្ឋកិច្ចអាមេរិក និងអឺរ៉ុបក៏ដោយ។

វិស័យកម្មន្តសាល មិនមែនកាត់ដេរបានបន្តសន្ទុះកំណើនដ៏រឹងមាំ, ចំណែកវិស័យសំណង់បានងើបឡើងវិញជាបណ្តើរៗ ជាមួយការនាំចូលសម្ភារសំណង់កើនឡើង ២២,៨%, រីឯវិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៩,១% នៅឆ្នាំនេះ មុនពេលថយមកត្រឹម ៨,៦% នៅឆ្នាំ២០២៣ ដោយសារការចុះខ្សោយនៃតម្រូវការ ក្រៅស្រុក។ បើតាម ADB។

របាយការណ៍ខាងលើ បានដំឡើងការព្យាករអតិផរណាឆ្នាំ២០២២ របស់កម្ពុជាទៅ ៥.០% ពីការព្យាករ ៤.៧% ក្នុងខែមេសា ដោយសារឥទ្ធិពលរាលដាលនៃការកើនឡើងតម្លៃប្រេងឥន្ធនៈដែលបណ្តាល មកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការព្យាករអតិផរណាសម្រាប់ឆ្នាំ២០២៣ ត្រូវបានរក្សាទុកនៅ ២.២%។

ហានិភ័យសម្រាប់ទស្សនវិស័យនេះរួមមាន ការលេចឡើងនៃមេរោគកូវីដ១៩ប្រភេទថ្មី និងជំងឺអុតស្វា កំណើនឆាប់រហ័សនៃកម្ចីមិនដំណើរការ កំណើនសេដ្ឋកិច្ចនៃដៃគូពាណិជ្ជកម្មសំខាន់ៗមានភាពកាន់ តែទន់ខ្សោយ ការរំខាននានាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល និង ការកើនឡើងនៃថ្លៃថាមពលនិងទំនិញ នានាដែលអាចអាក្រក់ជាងការរំពឹងទុក។ បើតាមការរបាយការណ៍ដដែល។

ការគាំទ្ររបស់ ADB ដល់កម្ពុជា គឺស្របទៅនឹងអាទិភាពកំណើនរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ន ADB កំពុងអនុវត្តគម្រោងវិនិយោគដែលមានទឹកប្រាក់ ២.៤៣ពាន់លានដុល្លារ នៅកម្ពុជា។ នៅឆ្នាំ២០២១ ADB បានសន្យាផ្តល់ប្រាក់កម្ចី និងជំនួយសម្រាប់ស្ថាប័នរដ្ឋចំនួន ៣២៧.១លានដុល្លារ ហើយបានកៀរគរបន្ថែម ៥លានដុល្លារ តាមរយៈសហហិរញ្ញប្បទានសម្រាប់កម្ពុជា។

ប្រាក់កម្ចីត្រៀមរបស់ ADB សម្រាប់កម្ពុជាឆ្នាំ២០២២-២០២៥ រួមមានការផ្តល់កម្ចីសម្បទានចំនួន ១.១៧ពាន់លានដុល្លារ និងជំនួយចំនួន ៤៣.៩លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងការសារឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩។

ការកើនឡើងនៃការនាំចេញផលិតផលកម្មន្តសាលរបស់កម្ពុជា និងការងើបឡើងវិញបន្តិចម្តងៗ ក្នុងវិស័យសំណង់ និង សេវាកម្ម បានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ ទោះបីជាមានការថយចុះនៃកំណើនវិស័យ កសិកម្មដែលបណ្តាលមកពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ ជី និងភ្លៀងធ្លាក់ខ្លាំងក៏ដោយ។ បើតាមការលើកឡើងរបស់ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា។

 លោកស្រី Jyotsana Varma បានលើកឡើងបន្តថា អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ បាននិងកំពុងមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងថ្លៃទំនិញលើពិភពលោក សម្រាប់ពលរដ្ឋក្រីក្រ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)