Register Already an agent ? Login

កម្ពុជា ទទួលបានចំណូលជាង ៣០០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូ ៨ខែឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូល ៣០៤,៣៨៤,១៦០ដុល្លារ ពីការនាំចេញចេញជ័រកៅស៊ូ និងឈើកៅស៊ូ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ក្នុងនោះ ជ័រកៅស៊ូ ចំនួន ៣០១,២៩២,៥៧១ដុល្លារ និងឈើកៅស៊ូ ចំនួន៣,០៩១,៥៨៩ដុល្លារ។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ

នៅក្នុងរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឱ្យដឹងថា ចំពោះបរិមាណនៃការនាំចេញជ័រកៅស៊ូមានចំនួន១៩៤,០១៤តោន កើនឡើងចំនួន ១,៤៥៣តោន ស្មើនឹង១% ធៀបនឹងឆ្នាំ២០២១។ រីឯ ការនាំចេញឈើកៅស៊ូវិញមានចំនួន ២០,៦២៩ម៉ែត្រគូប។

តម្លៃលក់ជ័រកៅស៊ូមធ្យម ថ្លៃ ១,៥៥៣ដុល្លារ ក្នុង១តោន បានថយចុះចំនួន ១១៩ដុល្លារ ក្នុង១តោន ស្មើនឹង ៧% ធៀបនឹងឆ្នាំ២០២១។ បើតាមការបន្តនៅក្នុងរបាយការណ៍ខាងលើ បានបន្តទៀតថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង ៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។

លោក ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូបាននិយាយឱ្យដឹងថា ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា ៨ខែ ឆ្នាំ២០២២ មានការកើនឡើងដោយសារកត្តាធំៗចំនួន៤ រួមមាន៖ ១-អតុល្យភាពរវាងការផ្គត់ផ្គង និងតម្រូវការ, ២- ផ្ទៃដីចៀរជ័រកើន, ៣-កត្តាមិនមែនមូលដ្ឋាន គឺតម្លៃប្រេងឆៅកើន, ៤- អាកាសធាតុដើមឆ្នាំ មានការអំណោយផល តែនៅក្នុងសីហាមានការភ្លៀងច្រើន ធ្វើឱ្យការប្រមូលផលជួបការលំបាក។

លោក ហ៊ឹម អូន បានរំពឹងថា ទោះពេលនេះផលិតកម្មនៅកៅស៊ូធម្មជាតិមិនមានទីផ្សារល្អ ប៉ុន្តែវានឹងល្អឡើងវិញ ក្នុងពេលឆាប់ៗ ដោយសារកន្លងមកកម្ពុជាបាននាំចេញទៅបរទេស នូវផលិតផលកៅស៊ូធម្មជាតិ១០០%។

លោក បន្ថែមថា បច្ចុប្បន្ន ក្រុមវិនិយោគិនបានវិនិយោគរោងចក្រផលិតកង់រថយន្ត ក្នុងស្រុកទីផ្សារកៅស៊ូបានបន្ថែមមួយទៀត គឺទីផ្សារក្នុងស្រុក និងជាពិសេសការប្រមូលទិញពីសំណាក់រោងចក្រផលិតកៅស៊ូកង់រថយន្តក្នុងស្រុក ដែលបាននឹងដំណើរការនៅពេលខាងមុខ។

សូមរម្លឹកថា កាលពីឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ នាំជ័រកៅស៊ូចំនួន ៣៦៦,៣០០តោន និងឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)