Register Already an agent ? Login

កម្ពុជា បាននាំចេញសម្លៀកបំពាក់មានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារ ៨ខែឆ្នាំ២០២២ កើន២៨%

ភ្នំពេញ៖ កម្ពុជា នាំចេញសម្លៀកបំពាក់សម្រេចបានក្នុងទំហំទឹកប្រាក់ ៦,៤៦៧លានដុល្លារ ៨ខែ ឆ្នាំ២០២២ កើនជាង២៨% បើធៀបឆ្នាំ២០២១ មានចំនួន ៥,០២១លានដុល្លារ។ របាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា វិស័យកាត់ដេរសម្លៀកបំពាក់ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

លោក ខេន លូ អគ្គលេខាធិការ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបង្ហាញនូវក្តីបារម្ភពីការថមថយនៃការបញ្ជាទិញសម្លៀកបំពាក់ នៅឆមាសទី២ ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។ លោក បាននិយាយថា ចាប់តាំងពីខែសីហាមក ការបញ្ជាទិញបានធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យសមាជិករបស់សមាគមមួយចំនួន បានព្យួរការផលិត។

មូលហេតុនៃការធ្លាក់ចុះ គឺដោយសារទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា ដូចជានៅអឺរ៉ុប ជួបស្ថានភាពមិនល្អ និងស្ថានភាពសេដ្ឋកិច្ច ក្នុងពិភពលោកមិនទាន់ល្អប្រសើរ ស្របពេលដែលអ្នកបញ្ជាទិញនៅសល់ទំនិញច្រើន និងមិនទាន់បញ្ចេញលក់អស់ ដែលនាំឱ្យពួកគេកាត់បន្ថយការបញ្ជាទិញនៅរយៈពេលនេះ។ បើតាមការបញ្ជាក់របស់ លោក ខេន លូ បានបញ្ជាក់ទៀតថា កត្តានេះអាចនឹងបង្កផលប៉ះពាល់ដល់ការនាំចេញទំនិញសម្លៀកបំពាក់ នៅឆមាសទី២ឆ្នាំ២០២២ និងការនាំចេញនៅឆ្នាំ២០២៣ផងដែរ។

នៅឆមាសទី១ ឆ្នាំ២០២២ ការនាំចេញសម្លៀកបំពាក់បានកើនឡើងជាង ៤០% ដែលទីផ្សារនាំចេញចម្បង គឺអាមេរិក បន្ទាប់មកសហភាពអឺរ៉ុប ជប៉ុន អង់គ្លេស និងកាណាដា។ បើតាមការលើកឡើងរបស់ លោក ខេន លូ បានបន្ថែមថា កាលពីឆ្នាំ២០២១ កម្ពុជាបាននាំចេញសម្លៀកបំពាក់មានទឹកប្រាក់សរុប ៨,០១៧លានដុល្លារ កើនឡើង ៨.៥៣%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)