Register Already an agent ? Login

វឌ្ឍនភាព គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ សម្រេចបានចំនួន ៥៨,៤៨%

ភ្នំពេញ៖ វឌ្ឍនភាព គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ សម្រេចបានចំនួន ៥៨,៤៨% ហើយ គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន។

 លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងខាងលើ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី១៩ ខែកញ្ញានេះ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេស និងមន្រ្តីជំនាញបច្ចេកទេសគម្រោងពាក់ព័ន្ធ។

កិច្ចប្រជុំនេះ មានការចូលរួមធ្វើបទបង្ហាញពីទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសគម្រោងស្តីពីវឌ្ឍនភាពនៃការ អនុវត្តគម្រោង បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាទាក់ទងនឹងកង្វះ វិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។

ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលម្អិតលើវឌ្ឍនភាពការងារ ការនាំចូលសម្ភារៈវត្ថុធាតុដើម ការបែងចែកកម្លាំងពលកម្ម-កម្មករជំនាញតាមអគារនីមួយៗ និងបញ្ហាប្រឈមនានា ព្រមទាំងបានស្នើឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិតលើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បីតាមដានត្រួតពិនិត្យ និងជំរុញឱ្យក្រុមហ៊ុន CM Grand Development និងTan Kim Eng អនុវត្តគម្រោងឱ្យសម្រេចតាមផែនការដែលបានសន្យា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)