Register Already an agent ? Login

រដ្ឋសភាជាតិ បានអនុម័តគម្រោងថវិកាចំណាយឆ្នាំ២០២៣ ប្រមាណ ៤៣លានដុល្លារ

ភ្នំពេញ៖ គណៈ​កម្មាធិ​ការ​អចិ​ន្ត្រៃយ៍​នៃ​រដ្ឋ​សភា ​បាន​អនុម័ត​លើ​គម្រោង​ចំណាយ​ថវិកា​របស់​រដ្ឋ​សភា ​ឆ្នាំ​២០២៣ ​​ប្រមាណ​ ៤៣លាន​ដុល្លារ កាលពីថ្ងៃទី​១៩​ ខែក​ញ្ញា ឆ្នាំ២០២២។

​ការ​ចំណាយ​របស់​រដ្ឋ​សភា​សម្រាប់​ឆ្នាំ​២០២៣ មាន​ទឹក​ប្រាក់​ចំនួន ​១៧១​ពាន់​លាន​រៀល ​ប្រមាណ​ ៤៣​លាន​ដុល្លារ​។​ បើតាមការបញ្ជាក់របស់ លោក ​ឡេង​ ប៉េង​ឡុង អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ បានបន្តថា ចំនួន​ទឹក​ប្រាក់​នេះ​ មាន​ការ​ថយ​ចុះ​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ស្ថាន​ភាព​ប្រទេស​ដែល​មិន​ទាន់​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​។​

កាល​អំឡុង​កូ​វីដ-១៩​ គឺ​កាត់​បន្ថយ​ការ​ចំណាយ​ ប៉ុន្តែ​ដោយ​សារ​បច្ចុ​ប្បន្ន​យើង​បើក​ប្រទេស​ឡើងវិ​ញ អ៊ីចឹង​សកម្ម​ភាព​យើង​វិល​មក​ធម្មតា ​យើង​លែង​ប្រជុំ​តាម​វីដេអូ​ហើយ​ គឺ​ប្រជុំ​ដោយ​ផ្ទាល់ ​ថវិកា​នេះ​មិន​ខ្ពស់​ដូច​ឆ្នាំ២០១៩ ​ទេ​ គឺ​នៅ​ទាប​ជាង។ បើតាមការបន្ថែមរបស់ លោក ឡេង​ ប៉េង​ឡុង។

អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា ថវិកា​នេះ​សម្រាប់​ការ​ចំណាយ​ទៅ​លើ​ការ​រៀបចំ​កម្ម​វិធី​ផ្សេងៗ​ ខណៈ​រដ្ឋ​សភា​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នៅ​ឆ្នាំ២០២៣​ នឹងបញ្ជូន​គណៈ​ប្រតិភូ​ទៅ​ចូល​រួម​ក្នុង​វេទិកា​អន្តរ​ជាតិ​ផ្សេងៗ​ ដូច​នេះ​វា​ត្រូវ​ចំណាយ​។​​ លោក លើកឡើងឱ្យដឹងថា ​សម្រាប់​ឆ្នាំ២០២៣ ​កម្ពុជា​នឹង​ទៅ​ចូល​រួម​វេទិកា​សភា​អន្តរ​ជាតិ​រួម​មាន៖ សហ​ភាព​អន្តរ​សភា ​(IPU)​ អន្តរ​សភា​អាស៊ី​ អន្តរ​សភា​អាស៊ី​ប៉ាស៊ី​ហ្វិក ​អន្តរ​សភា​បារាំង​ និង​ការ​ប្រជុំ​អម​ធំៗ​ រួម​នឹង​ចូល​រួម​កិច្ច​ប្រជុំ​មហា​សន្និ​បាត​អន្តរ​ជាតិ​ផង​ដែរ​៕

ប្រភព៖ភ្នំពេញប៉ុស្តិ៍

ដោយ៖ មឿន ឌីណា (Moeun Dyna)