Register Already an agent ? Login

កម្ពុជា ទទួលជំនួយថវិកាពីអូស្ត្រាលី ៥៨លានដុល្លារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់

ភ្នំពេញ៖ កម្ពុជា ទទួលបានជំនួយកញ្ចប់ថវិកាពីរដ្ឋាភិបាលអូស្ត្រាលី ៨៧លានដុល្លារអូស្ត្រាលី (ប្រមាណ ៥៨លានដុល្លារអាមេរិក) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic Development (CAP-RED)។

 លោក Tim Ayres ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្រ្តីក្រសួងផលិតកម្មអូស្រ្ដាលី លើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចពិភពលោកមិនមានភាពធន់ទេ ដោយសារបញ្ហាជំងឺរាតត្បាតជាសកល ក្នុងនោះមានកម្ពុជា និងអូស្រ្តាលីផង។

ក្នុងពិធីដាក់ឱ្យដំណើរការ ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក Tim Ayres បានលើកឡើងបន្តថា ស្រ្ដាលីមានមោទកភាពដែលបានផ្តល់ជំនួយ ៨៧លានដុល្លារអូស្រ្តាលី សម្រាប់កម្មវិធី CAR-RED ក្នុងរយៈពេល៥ឆ្នាំ ដែលនឹងគាំទ្រដល់ការស្ដារសេដ្ឋកិច្ច និងជំរុញការវិនិយោគសាធារណ និងវិស័យឯកជនប្រកបដោយផលិតភាព និងបរិយាបន្ន ដែលជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

កម្មវិធីនេះផ្តោតសំខាន់ទៅលើវិស័យចំនួនបី ដើម្បីជំរុញកំណើនសេវាហេដ្ឋារចនាសម្ព័ន្ធ កសិកម្មនិងកសិ-កែច្នៃ ព្រមទាំងការអភិវឌ្ឍ ពាណិជ្ជកម្ម ការវិនិយោគ និងសហគ្រាស។ កម្មវិធីនេះនឹងផ្តោតសំខាន់ខ្លាំងលើ ការចែករំលែកការស្រាវជ្រាវ និងចំណេះដឹង ព្រមទាំងផ្តោតលើ សមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម ផងដែរ។ បើតាមការបញ្ជាក់របស់ លោក Tim Ayres។

លោក បានបន្ថែមថា ឆ្នាំនេះជាខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី ហើយកម្មវិធី CAP-RED ជាភស្តុតាងរឹតតែច្បាស់ បន្ថែមទៀតនៃភាពជាដៃគូដ៏យូរអង្វែងនៃប្រទេសកម្ពុជា-អូស្រ្តាលី។ តាមរយៈកម្មវិធីនេះ អ្នកជំនាញអូស្រ្តាលី និងចែករំលែកចំណេះដឹង និងជំនាញ ជាមួយសមភាគីកម្ពុជា ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ ការវិនិយោគ ផលិតភាព និងពាណិជ្ជកម្ម។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្មវិធី CAP-RED ជាការរួមចំណែកយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលគាំទ្រដល់ការស្ដារឡើងវិញ ភាពធន់ និងកំណែទម្រង់។ កម្មវិធីនេះនឹងលើកទឹកចិត្តដល់ការវិនិយោគសាធារណៈ និងឯកជន ប្រកបដោយបរិយាបន្ន ដើម្បីជួយជំរុញសេដ្ឋកិច្ចឱ្យកាន់តែមានភាពចម្រុះ និងបរិយាប័ន្ន។

លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ដើម្បីសម្រេចកិច្ចការងារនេះ កម្មវិធីនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងផ្នែកពាក់ព័ន្ធក្នុងវិស័យចំនួន៣ ដើម្បីជំរុញកំណើន ដូចជាសេវាហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងកសិ-កៃច្នៃ ព្រមទាំងការអភិវឌ្ឍ ពាណិជ្ជកម្ម ការវិនិយោគ និងសហគ្រាស ដោយផ្តោតសំខាន់លើការចែករំលែកការស្រាវជ្រាវ និងចំណេះដឹង សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)