Register Already an agent ? Login

ការព្យាករថ្មី ឆ្នាំ២០២២ កម្ពុជា អាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ២លាននាក់

ភ្នំពេញ៖ យោងតាមការព្យាករចុងក្រោយក្នុងឆ្នាំ២០២២ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី ១.៥លាននាក់ ទៅ២លាននាក់ ខណៈរយៈពេល៨ខែ ឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានជិត ១លាននាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ការថ្លែងខាងលើរបស់ លោក ថោង ខុន នៅក្នុងកម្មវិធី «រាត្រីកម្ពុជាឆ្នាំ២០២២ - Cambodia Night 2022» កាលពីរាត្រីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍និងវប្បធម៌យ៉ាងពិសេសរបស់កម្ពុជា នាឱកាសពិព័រណ៍ទេសចរណ៍អន្តរជាតិ (ITE-HCMC 2022) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ប្រភពទីផ្សារទេសចរណ៍សំខាន់ៗ មានមកពីថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងឡាវ។ បើតាមការបញ្ជាក់របស់ លោក ថោង ខុន។

លោក បានថ្លែងបន្តថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជាសរុប ៩៩៨,២៧២នាក់ កើនឡើង ៧២០% ធៀបនឹងឆ្នាំ២០២១ ថយចុះ -៧៧% ធៀបនឹងឆ្នាំ២០១៩ ក្នុងនោះផ្លូវអាកាស ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥% និងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១% ធៀបនឹងឆ្នាំ២០២១។

លោក បានថ្លែងបន្តថា បន្ទាប់ពីការប្រកាសបើកឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ រួមជាមួយការអនុវត្តតាមចក្ខុវិស័យផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២០-២០២៥ និងគោលនយោបាយជំរុញចលនាទេសចរផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ កំណើនទេសចរអន្តរជាតិមកកម្ពុជា ៨ខែឆ្នាំ២០២២ មានចំនួនជិត ១លាននាក់ កើនឡើង ៥៨០% ធៀបនឹងឆ្នាំ២០២១។

ទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្ដទូទាំងប្រទេសជាង ៨.៥លាននាក់ កើនឡើង ២៤៥% ក្នុងនោះទេសចរជាតិជាង ៧.៦លាននាក់ កើនឡើង ២២៦% និងទេសចរបរទេសផ្ទៃក្នុងជាង ៨៧ម៉ឺននាក់ កើនឡើង ២៥៣% ធៀបនឹងឆ្នាំ២០២១។ បើតាមការថ្លែងបន្ថែមរនបស់ លោក ថោង ខុន បានបន្ថែមទៀតថា យោងស្ថានភាពទេសចរណ៍បច្ចុប្បន្ន កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិពីចន្លោះ ១.៥លាន ទៅ២លាននាក់ ក្នុងឆ្នាំ២០២២។

តាមរយៈការចូលរួមនិងផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE-HCMC និងការរៀបចំរាត្រីកម្ពុជាឆ្នាំ២០២២ នឹងជួយទាក់ទាញកំណើនទេសចរ និងវិនិយោគិនវៀតណាមកាន់តែច្រើនមកទស្សនា ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ក្នុងដំណាក់កាលនៃការស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ១៩។ បើតាមការបញ្ជាក់របស់ លោក ថោង ខុន។

គូសបញ្ជាក់ថា កម្មវិធីរាត្រីកម្ពុជា ជាការផ្សព្វផ្សាយគោលដៅទេសចរណ៍និងវប្បធម៌កម្ពុជា នាឱកាសពិព័រណ៍ទេសចរណ៍អន្តរជាតិនៅទីក្រុងហូជីមិញ។ ក្រសួងទេសចរណ៍សហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំកម្មវិធី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)