Register Already an agent ? Login

ត្រីមាសទី២ ឆ្នាំ២០២២ គម្រោងអភិវឌ្ឍន៍ខុនដូ៤ប្រភេទ បញ្ចប់ការសាងសង់ដាក់ចូលទីផ្សារមានបន្ទប់ខុនដូ ៣,២០៤យូនីត

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញ​ក្នុង​ត្រីមាស​ទី២ ឆ្នាំ​២០២២ មាន​គម្រោង​អភិវឌ្ឍន៍​ខុនដូ​ចំនួន ៤ប្រភេទ​ តម្លៃ​មធ្យម​និង​​តម្លៃ​សមរម្យ បាន​បញ្ចប់​ការ​សាង​សង់និង​ដាក់​ចូល​ក្នុង​ទីផ្សារ ​មាន​បន្ទប់​ស្នាក់​នៅ​សរុប ៣,២០៤​ យូនីត។ បើតាមរបាយ​ការណ៍​ស្រាវ​ជ្រាវ​របស់ CBRE Cambodia បានបន្តថា គិត​ត្រឹម​ចុង​ត្រីមាស​ទី២ ឆ្នាំ​២០២២ ចំនួន​បន្ទប់​ខុនដូក្នុង​រាជធានី​ភ្នំពេញ បាន​កើន​ដល់ជាង ៣៦​,០០០យូនីត។

នៅក្នុងរបាយការណ៍ របស់ CBRE Cambodia បានបន្តឱ្យដឹងថា សម្រាប់​តម្លៃ​លក់និង​ជួល​ខុនដូ ​ក្នុង​ត្រីមាស​ទី២ ឆ្នាំ២០២២ ឃើញ​ថាកើន​ឡើង​បន្តិច​មក​វិញ​បើ​ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ​២០២២។ ​បន្ទប់​ខុនដូ​ប្រណីតមាន​តម្លៃ​លក់​ជា​មធ្យម ២​,៦៧១ដុល្លារ ​ក្នុង១​ម៉ែត្រ​ការ៉េ កើន​ឡើង ១,៥% ​បើ​ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ២០២២។ បន្ទប់​ខុនដូ​តម្លៃ​មធ្យម មាន​តម្លៃ​មធ្យម ២,០៩៦ដុល្លារ កើន ​២,៧% និង​ប្រភេទ​តម្លៃ​សមរម្យ​ មាន​តម្លៃ ១,៤១២​​ដុល្លារ កើន​ឡើង​ ០,៧៥។

ដោយ​ឡែក ​សម្រាប់​តម្លៃ​ជួលគឺ​ខុនដូ​ប្រណីត មាន​តម្លៃ​ជា​មធ្យម ១១ដុល្លារ ​ក្នុង១​ម៉ែត្រ​ការ៉េ ​សម្រាប់​១ខែ កើន​ឡើង ២,៣%, ប្រភេទ​តម្លៃ​មធ្យម មាន​តម្លៃ ៩,៦ដុល្លារ កើន ៣,៣%​ និង​ប្រភេទ​តម្លៃ​សមរម្យ មាន​តម្លៃ​ ៧,៩​ដុល្លារ កើន​ឡើង​ ១,២%​។ បើតាមរបាយការណ៍។

បើតាមការព្យាករ របស់ CBRE Cambodiaថា ប្រសិន​បើ​ស្ថាន​ភាព​សេដ្ឋកិច្ច​ និង​នយោបាយ​នៅ​កម្ពុជា និង​ពិភព​លោក មាន​ស្ថិរភាព​ល្អ​ប្រសើរ នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២២ នេះ​ចំនួន​បន្ទប់​ខុនដូ​ ដែល​សាង​សង់​រួច និង​ដាក់​ចូល​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​កើន​ដល់ជាង ៤៥,០០០យូនីតហើយ​ក្នុង​ឆ្នាំ​២០២៣ នឹង​កើន​​ដល់ជាង ៦៥,០០០​ យូនីត។

បើតាមរបាយការណ៍ដដែល បានលើកឡើងថា ភាព​ល្អ​ប្រសើរ​នៃ​ម៉ាក្រូ​សេដ្ឋកិច្ចតាម​រយៈ​អត្រា​ដ៏​ខ្ពស់​នៃ​ចំនួន​ប្រជាពល​រដ្ឋ​ក្នុង​ស្រុក​ដែល​បាន​ចាក់​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ កំណើន​នៃ​ការ​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ (​មិន​មាន​ការ​ធ្វើ​ចត្តាឡីស័ក) និង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មីៗ​ បាន​ធ្វើ​ឱ្យ​ទីផ្សារ​អចលន​ទ្រព្យ រួម​ទាំង​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​ ចាប់​ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​ឡើង​វិញ​​បណ្តើរ​ៗហើយ។

សម្រាប់​សកម្ម​ភាព​ទិញ លក់ ជួលនិងតម្លៃខុនដូ ​ត្រីមាស​ទី​២ ឆ្នាំ​២០២២ វា​ចាប់​ផ្តើម​​ផ្តល់​សញ្ញា​វិជ្ជមាន​ឡើង​វិញ​ហើយ ហើយ​វា​នឹងបន្ត​កើន​ឡើង​ទៀត​នៅ​ក្នុង​ត្រីមាស​ទី​៣ និង​ទី៤​ ប៉ុន្តែ​វា​នឹង​មិន​មាន​កំណើន​ខ្ពស់​ទេ ដោយ​វាកំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ Recovery។ បើតាមការលើកឡ់ងរបស់ អ្នក​នាង គឹម គិនកេសា នាយិកា​រង​ផ្នែក​ស្រាវ​ជ្រាវ និង​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ និងបានបញ្ជាក់ថា បច្ចុប្បន្ន ទីផ្សារនេះពឹងផ្អែកលើអ្នកក្នុងស្រុកច្រើន ព្រោះចំនួននៃការមកដល់របស់ជនបរទេសនៅមានកម្រិតទាបនៅឡើយ

លោក សំ សុខនឿន ប្រធាន​សមាគម​អច​លន​ទ្រព្យ​សកល ក៏បានប្រាប់​ភ្នំពេញប៉ុស្តិ៍ថា ទោះបី​វិស័យ​អច​លន​​ទ្រព្យ​នៅ​កម្ពុជា​មិន​ទាន់​មាន​ដំណើរ​ការ​ល្អ​ដូច​មុន​​​អំឡុង​ពេល​ពិភព​លោក​ជួប​នឹង​វិបត្តិ​បណ្តាល​មក​ពី​ជំងឺកូវីដ​-១៩ ប៉ុន្តែ​​ទីផ្សារ​នេះ​​​ចាប់ផ្តើម​កម្រើក​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ​។ លោក បាន​បន្ត​ថា បើ​និយាយ​ពី​ទីផ្សារ​ខុនដូ​នៅ​ពេល​នេះ គឺ​មាន​អ្នក​ទិញ​តែ​ប្រជាជន​ក្នុង​ស្រុក​ប៉ុណ្ណោះ​ ដោយសារទីផ្សារគោលដៅភាគច្រើនជាជនបរទេស ដូច្នេះទីផ្សារនេះនៅត្រូវការពេលបន្ថែមទៀតដើម្បីដំណើរការល្អឡើងវិញ។

នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ ក្រសួងរៀបចំដែនដី ​បាន​អនុម័ត​លើ​គម្រោង​សាង​សង់​សរុប​ ២,០០០​គម្រោង ដែល​មាន​ផ្ទៃ​ក្រឡា​សំណង់ ២,៨៥៩,៨៧៧​ម៉ែត្រ​ការ៉េ និង​មាន​ទុន​វិនិយោគ ១,២០៦​លាន​ដុល្លារ។ តាម​ទិន្នន័យ​ចុង​ក្រោយ​បំផុត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ បានឱ្យដឹងថា ចំនួន​អគារ​ខ្ពស់ៗ ចាប់​ពី ៥​ជាន់​ឡើង ​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ២,៤៧២​អគារ ចំណែក​បុរី​លំនៅឋាន និងបណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី មាន​ចំនួន ៤៨២គម្រោង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)