Register Already an agent ? Login

កំណើនទេសចរអន្តរជាតិមកកម្ពុជា ៨ខែឆ្នាំ២០២២ មានចំនួនជិត ១លាននាក់ កើន៥៨០% ធៀបនឹងឆ្នាំ២០២១

ភ្នំពេញ៖ កំណើនទេសចរអន្តរជាតិមកកម្ពុជា រយៈពេល៨ខែដើមឆ្នាំ២០២២ មានចំនួនជិត ១លាននាក់ កើនឡើង ៥៨០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ បើតាមការថ្លែងឱ្យដឹងពី លោក ថោង​ ខុន​ រដ្ឋមន្រ្តីក្រសងទេសចរណ៍ក្នុងកម្មវិធី «រាត្រីកម្ពុជាឆ្នាំ២០២២ - Cambodia Night 2022» នៅប្រទេសវៀតណាមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

លោក ថោង ខុន បានថ្លែងបញ្ជាក់ថា កំណើតទេសចរអន្តរជាតិជាង ១លាននាក់នេះ បន្ទាប់ពីការប្រកាសបើកឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ រួមជាមួយការអនុវត្តតាមចក្ខុវិស័យផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២០-២០២៥ និងគោលនយោបាយជំរុញចលនាទេសចរផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។

ទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តទូទាំងប្រទេសជាង ៨.៥លាននាក់ កើនឡើង ២៤៥% ក្នុងនោះទេសចរជាតិជាង ៧.៦លាននាក់ កើនឡើង ២២៦% និងទេសចរបរទេសផ្ទៃក្នុងជាង ៨៧ម៉ឺននាក់ កើនឡើង ២៥៣% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ យោងស្ថានភាពទេសចរណ៍បច្ចុប្បន្ន កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិពីចន្លោះ ១.៥លានទៅ ២លាននាក់ ក្នុងឆ្នាំ២០២២។ បើតាមការថ្លែងបន្តរបស់ លោក ថោង ខុន។

លោក ថោង ខុន បានថ្លែងបន្តទៀតថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអនុញ្ញាតឱ្យជនបរទេស ឬវិនិយោគិនបរទេស និងក្រុមគ្រួសារដែលបានស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចដាក់ពាក្យស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរសម្រាប់រយៈពេល១ឆ្នាំ ដោយឥតគិតថ្លៃ។

នាឱកាសនោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន ក៏បានប្រកាសអញ្ជើញភ្ញៀវកិត្តិយសចូលរួមពិធីបុណ្យសមុទ្រលើកទី៩ ស្របជាមួយកិច្ចប្រជុំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើកសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងជំរុញការផ្សព្វផ្សាយ «កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្ដៅ សុវត្ថិភាព ស្អាត និងបៃតង» កាន់តែច្រើនឡើងថែមទៀត។

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ «កីឡា៖ រស់ក្នុងសន្តិភាព»។ បើតាមការថ្លែងបន្ថែមរបស់ លោក ថោង ខុន បានលើកឡើងថា ដូច្នេះរាត្រីកម្ពុជានាពេលនេះរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-វៀតណាម ដែលជាទីផ្សារផ្ទៃក្នុងអាស៊ានដ៏មានសក្តានុពល។ លោក ថា ឆ្នាំនេះគឺជាលើកទី១៦ ដែលក្រសួងទេសចរណ៍កម្ពុជា បានចូលរួមគាំទ្រនិងសហការនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ រួមជាមួយការរៀបចំ «រាត្រីកម្ពុជា»។

បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ថា ក្រសួងទេសចរណ៍សហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំកម្មវិធី «រាត្រីកម្ពុជាឆ្នាំ២០២២ - Cambodia Night 2022» រាត្រីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍និងវប្បធម៌យ៉ាងពិសេសរបស់កម្ពុជា នាឱកាសពិព័រណ៍ទេសចរណ៍អន្តរជាតិ (ITE-HCMC 2022) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

រាត្រីកម្ពុជា ក៏ជាការចូលរួមអបអរសាទរខួបលើកទី៥៥នៃទំនាក់ទំនងមិត្តភាពការទូតរវាងកម្ពុជានិងវៀតណាម និងខួបលើកទី៥៥នៃការបង្កើតសហគមន៍អាស៊ាន ក៏ដូចជាចូលរួមអបអរសាទរជាមួយរដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងឱកាសប្រារព្ធខួបលើកទី៧៧នៃទិវាបុណ្យឯករាជ្យជាតិឆ្នាំ២០២២។ បើតាមការបន្តរបស់មន្រ្តីដដែល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)