Register Already an agent ? Login

សម្តេចតេជោ ហ៊ុន សែន បានគាំទ្រលើការស្នើ បើកដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន និងតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រនិងអនុញ្ញាតឱ្យចាប់ផ្ដើមដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន និងតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាការស្នើសុំរបស់ លោក ឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក ឆែល យ៉េវ បានបញ្ជាក់ឱ្យដឹងនៅក្នុងជំនួបពិភាក្សាជាមួយ សម្ដេចតេជោ ហ៊ុន សែន ថា ក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលមានទិសដៅជាចម្បង គឺចូលរួមចំណែកជួយផ្ដល់ធាតុចូលដល់អាស៊ាន ជាស្ពានរវាងអាស៊ាន និងស្ថាប័ន និងវិស័យផ្សេងៗ។

លោក បានបន្តថា ការបង្កើតតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា ដែលមូលនិធិនេះ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើវិស័យអាយធី (IT) បញ្ញាសិប្បនិមិ្មត។

សម្ដេចតេជោ បានផ្ដល់អនុសាសន៍ថា បន្ថែមទៅលើអ្វីដែលក្លឹបសេដ្ឋកិច្ចអាស៊ានចង់ធ្វើ គួរពិចារណាចូលរួមចំណែកលើការពិនិត្យវាយតម្លៃ និងផ្ដល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយលទ្ធផលការងាររបស់អាស៊ានផង។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ដោយឡែកកិច្ចផ្ដួចផ្ដើមឱ្យមានតំបន់សេដ្ឋកិច្ចបៃតង គំនិតនេះ គឺស្ថិតនៅក្នុងសំណើររបស់កម្ពុជា លើកទៅអាស៊ានកន្លងមកនោះ គឺសំណើឱ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)