Register Already an agent ? Login

ក្រុមហ៊ុនដំឡើងរថយន្ត « Toyota» ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យធ្វើរោងចក្រនៅភ្នំពេញទុនជាង ៣៦លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ដែលបានស្នើសុំវិនិយោគ បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត «Toyota» បោះទុន ៣៦,៧លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ ត្រូវបានគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត។ បើតាមការជូនដំណឹងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា គម្រោងនេះនឹងបង្កើតការដល់ប្រជាពលដ្ឋប្រមាណ ១៥០នាក់។

បើតាមការជូនដំណឹងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តឱ្យដឹងទៀតថា ជាមួយគ្នា ក៏មានការអនុម័តឱ្យក្រុម៤ផ្សេងទៀតផងដែររួមមាន៖

ក្រុមហ៊ុន WCFO (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងដង្គុំផ្សេងៗធ្វើពីលោហៈ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៣,៨លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។

ក្រុមហ៊ុន Thirty Three Apparels (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ២,១លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ៤៥០នាក់។

ក្រុមហ៊ុន A & M Clothing Co., Ltd. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ១០០នាក់។

ក្រុមហ៊ុន WCFO ASAMA Co., Ltd. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្ទាប់បន្សំ សម្រាប់ឧបករណ៍បញ្ជូនទិន្នន័យធ្វើពីប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៨០៥ពាន់ដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ១០០នាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)