Register Already an agent ? Login

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបើកឱ្យយានយន្តធ្វើដំណើរជាផ្លូវការនៅថ្ងៃទី១ខែតុលា ដោយឥតគិតថ្លៃ

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លាតសន្ធឹងលើខេត្តចំនួន៥ ដោយចាប់ផ្តើមពីផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងរាជធានីភ្នំពេញ និងបញ្ចប់នៅស្រុកស្ទឹងហាវនៃក្រុងព្រះសីហនុ ដែលមានប្រវែងសរុប ១៨៧គីឡូម៉ែត្រ នឹងអនុញ្ញាតឱ្យយានយន្តទាំងអស់បើកបរដោយឥតគិតថ្លៃនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។ ប៉ុន្តែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែតុលា ឆ្នាំ២០២៣ ត្រូវបង់ប្រាក់វិញ ទទួលបានការបញ្ចុះតម្លៃ ២០%។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) ដឹកនាំដោយលោក Sun Yao Guo ប្រធានវិស្វករ ដើម្បីពិនិត្យពិភាក្សាលើចំណុចត្រូវធ្វើឱ្យប្រសើរឡើងនូវការងារដែលនៅសេសសល់ និងត្រៀមដាក់ឱ្យដំណើរការសាកល្បង ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុនាពេលឆាប់ៗខាងមុខ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។

 លោក ស៊ុន ចាន់ថុល បានដាក់ផែនការ ឱ្យគ្រប់ភាគីពាក់ព័ន្ធដោះស្រាយការងារដែលនៅសេសសល់យកមកពិភាក្សារកដំណោះស្រាយឱ្យបានរួចរាល់ ដើម្បីត្រៀមដាក់ឱ្យដំណើរសាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ។

លោក រដ្ឋមន្រ្តីបានលើកឡើងថា ក្នុងនោះដែរចំពោះទីតាំងសាងសង់បង្គោលអង់ទែនទូរសព្ទសំខាន់ៗមួយចំនួន នៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ  ក្រសួងសាធារណការ និងដឹកជញ្ជូន បានឯកភាពជាមួយក្រុមហ៊ុន CRBC ផ្តល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការរៀបចំបំពាក់បង្គោលតាមនីតិវិធីរបស់ខ្លួន ជាមួយភាគីពាក់ព័ន្ធ។

សូមរម្លឹកថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧.០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះសម្រេចបាន ៩៦,៦០% គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងក្លាយជាផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្រ្តសំខាន់បំផុត ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពី រាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ពី៥ម៉ោង ថយមកប្រមាណ ២ម៉ោងប៉ុណ្ណោះ ព្រមទាំងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)