Register Already an agent ? Login

មន្រ្តី CDC ចុះពិនិត្យផលប៉ះពាល់ ការស្នើសុំវិនិយោគរបស់ក្រុមហ៊ុនទ្រីភាព អភិវឌ្ឍន៍កោះក្បាល ក្នុងខេត្តកែប

កែប៖ លោក ជា សុវទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាង លោក ​សោម ពិសិដ្ឋអភិបាលខេត្តកែប បានដឹកនាំក្រុមការងារអង្គភាពពាក់ព័ន្ធ​ រដ្ឋបាលក្រុងកែប​ ចុះពិនិត្យទីតាំងស្នើសុំវិនិយោគអភិវឌ្ឍន៍កោះត្បាល​​ របស់ក្រុមហ៊ុន TRY PHEAP KOS TUNSAY RESORT CO.,LTD កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។

គណៈប្រិតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះត្រួត​ពិនិត្យទីតាំងជាក់ស្តែងរួចហើយ  តែការសិក្សាមិនទាន់ចេញជាលទ្ធផលនៅឡើយទេ។ បើតាមបញ្ជាក់របស់ លោក អ៊ឹង វុទ្ធី នាយករដ្ឋបាលខេត្តកែប បានបន្តថា ការងារចំពោះមុខ គឺគ្រាន់តែចុះពិនិត្យមើលទីតាំងជាក់ស្តែងថាតើមានប្រជាពលរដ្ឋអាស្រ័យផល នៅលើកោះនេះ ឬអត់? ប៉ុន្តែជាក់ស្តែងនៅលើកោះ ពុំមានប្រជាពលរដ្ឋរស់នៅទេ។

ការអភិវឌ្ឍមានគោលបំណង គឺដើម្បី​សក្តានុពលក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈចំណូលពន្ធដូចជាការជួលទីតាំងផ្សេងៗ និងបានផ្តល់​ការងារដល់ពលរដ្ឋក្នុងតំបន់ ជាដើម។ បើតាមការបន្តរបស់ លោក អ៊ឹង វុទ្ធី។

បើតាមកម្ពុជាថ្មី ដែលបានស្រង់សំដី លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប រដ្ឋបាលខេត្តស្វាគមន៍ចំពោះដៃគូអភិវឌ្ឍ ដែលមានគម្រោងស្នើសុំវិនិយោគតំបន់នានាក្នុងមូលដ្ឋានខេត្តកែប។ លោក បានបន្តថា ទោះយ៉ាណាការអភិវឌ្ឍតែងតែមានមុខពីរ គឺមានវិជ្ជមាននិងអវិជ្ជមាន។

លោក អភិបាលខេត្ត បានបន្ថែមថា ប៉ុន្តែជាទូទៅ រាជរដ្ឋាភិបាល តែងតែគិតគូអំពីភាពវិជ្ជមាន ដូច្នេះការអភិវឌ្ឍឆ្នេរកោះ និងទីតាំងមួយចំនួន គឺមានការពិចារណាខ្ពស់មិនឱ្យប៉ះពាល់ដល់ផលប្រយោជន៍​ប្រជាពលរដ្ឋឡើយ។

ក្រុមហ៊ុនទ្រី ភាព គ្រុប បានទទួលសិទ្ធិសម្បទានពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍កោះទន្សាយ ជារមណីយដ្ឋានលំហែកាយ លំដាប់ផ្កាយ៥រួចហើយ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុននេះបាននិងកំពុង​សាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ដើម្បីអភិវឌ្ឍន៍លើផ្ទៃដីមួយចំនួនលើកោះនេះផងដែរ។ បើតាមកម្ពុជាថ្មី។

ចំណែកកោះត្បាល គឺជាកោះធម្មជាតិមួយ ដែលស្ថិតនៅប្រជុំកោះពោធិ៍ និងមានចម្ងាយប្រមាណ ១,៥គីឡូម៉ែត្រ ពីកោះទន្សាយ។ កោះនេះ មានទេសភាពស្រស់ស្អាត បរិយាកាសស្ងប់ស្ងាត់ អមដោយខ្យល់អាកាសបរិសុទ្ធ និងមានទឹកសមុទ្រថ្លាឈ្វេង លាយឡំជាមួយព្រៃឈើពណ៌ខៀវស្រងាត់ សាកសមសម្រាប់អ្នកចង់លំហែកាយ​លក្ខណៈបែបស្ងប់ស្ងាត់ គេចចេញពីភាពស្មុគស្មាញទាំងឡាយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)