Register Already an agent ? Login

លោក ស្វាយ សំអ៊ាង សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ១ខ្សែប្រវែងជាង ១០គ.ម ក្នុងស្រុកបូរីអូស្វាយសែនជ័យ

ស្ទឹងត្រែង៖ ផ្លូវកៅស៊ូ DBST ១ខ្សែប្រវែង ១០.៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។

លោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានថ្លែងឱ្យដឹងថា ផ្លូវចូលមកកាន់ស្រុកបុរីអូរស្វាយ សែនជ័យនេះ ប្រភេទ DBST ដែលមានប្រវែងជាង ១០.៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងដាក់លូមូលមុខកាត់ ១០០ ទទឹងផ្លូវប្រវែង ១២ ម៉ែត្រ ចំនួន ១០ កន្លែង។

លោក បានថ្លែងបន្តថា ផ្លូវនេះបានស្ថាបនាចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទី១ នៅឆ្នាំ២០២១ ចំនួន ៤,៤០០ម៉ែត្រ និងដំណាក់កាលទី២ ក្នុងឆ្នាំ២០២២ មានប្រវែង ៦,៥០០ម៉ែត្រ ហើយត្រូវបានបញ្ចប់ការស្ថាបនារួចរាល់ជាស្ថាពរ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងពិធីនោះ លោក លី មិនា អភិបាលស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ​ បាន​លើកឡើងឱ្យដឹងថា ​កាល​ពីមុនមក​ផ្លូវ​មួយ​ខ្សែ​នេះ​គឺជា​ផ្លូវក្រាល​ក្រួស​ក្រហម​ទេ​ ​ជួប​ការលំបាក​ខ្លាំង​មាន​ជង្ហុក​តូចធំ។​ លោក បានបន្តថា ចាប់តាំងពី​មាន​អនុក្រឹត្យ​បង្កើត​ស្រុក​ថ្មី​នៅ​ថ្ងៃទី​៨ ខែមករា​ឆ្នាំ​២០១៩ ​និង​ដាក់ឱ្យ​ដំណើរការ​រដ្ឋបាល​ស្រុក​នៅ​ថ្ងៃទី​១៩ មិថុនា​ឆ្នាំ​២០១៩​ មកដល់​បច្ចុប្បន្ន មាន​រយៈពេល​បី​ឆ្នាំ​ពីរ​ខែ​។ ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​មាន​ចម្ងាយ​ផ្លូវ​ ៦២​គីឡូម៉ែត្រ ​ពី​ទី​រួម​ខេត្តស្ទឹងត្រែង ក៏​ចាប់ផ្ដើម​ស្ថាបនា​ផ្លូវ​តាំងពី​នោះមក​។​

មួយ​ខ្សែ​នេះ ​បានផ្ដល់​សារប្រយោជន៍​ដល់​ការដឹកជញ្ជូន​កសិករ​ផល​មកកាន់​ទីផ្សារ​យ៉ាង​សំខាន់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ផង ​និង​បម្រើ​ផលប្រយោជន៍​សាធារណៈ​ជាច្រើន​ទៀត។ បើតាមការបញ្ជាក់របស់ លោក លី មិនា។

ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានធ្វើឱ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយកំណាត់ផ្លូវដែលសម្ភោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាល បានផ្តល់ជូនប្រជាពលរដ្ឋតាមរយៈរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់។ នេះការថ្លែងរបស់ លោក ស្វាយ សំអ៊ាង។

លោក ​អភិបាលខេត្តស្ទឹងត្រែង បាលថ្លែងបន្តថា ស្រុកអូរស្វាយសែនជ័យជាស្រុកមួយ នៅជាប់ប្រទេសឡាវ ដូច្នេះការអភិវឌ្ឍវាជាផ្នែកមួយ បង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលចំពោះស្រុក ដែលបានបង្កើតទីរួមស្រុកថ្មី។ លោក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ នាំគ្នាចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធិផលចាស់ថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់បានយូរអង្វែង និងជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)