Register Already an agent ? Login

CDC បានអនុម័តគម្រោងវិនិយោគ ១១២គម្រោង ទុនសរុបជាង ៣,០៤៣លានដុល្លារ ៨ខែឆ្នាំ២០២២

ភ្នំពេញ៖ រយៈពេល៨ខែ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង មានទុនសរុបជាង​ ៣,០៤៣លានដុល្លារ។ បើតាមរបាយការណ៍របស់ CDC បានបញ្ជាក់ថា ក្នុងគម្រោងទាំងនោះ បានផ្ដល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ៧៥,៣៤៣កន្លែង។

នៅក្នុងគម្រោងទាំង​ ១១២គម្រោង គឺខែមករា មាន ២៤ក្រុមហ៊ុន ដែលបានអនុម័តទុនវិនិយោគសរុបប្រមាណ ២,២៧៧​លានដុល្លារ។ បើតាមរបាយការណ៍ CDC បានបន្តថា នៅខែឧសភាវិញ មាន ២០ក្រុមហ៊ុន មានទុនវិនិយោគចំនួន ១៩៨.១​លានដុល្លារ។ សម្រាប់ខែសីហា មាន ១៧ក្រុមហ៊ុន មានទុនវិនិយោគចំនួន ២០៣.១លានដុល្លារ។

បើតាមរបាយការណ៍ដដែលបានបន្តថា ក្នុងចំណោម ១១២គម្រោង ក្នុងនោះមានគម្រោងបោះទុនវិនិយោគធំៗចំនួន៤ ដូចជា៖

១.អាជីវកម្មសណ្ឋា​គារថ្នាក់ផ្កាយ៥ ចំនួន ៥២៨បន្ទប់ ស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគ ១២៩លានដុល្លារ។

២.គម្រោងបង្កើតរោង​ចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ២៩៧លានដុល្លារ។

៣.គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី ស្ទឹងតាតៃលើ អានុភាព១៥០MW ស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩លានដុល្លារ។

៤.គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណ​ង ស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុ​ង​បូក​គោ ខេត្តកំពត មានទុនវិនិយោគចំនួន ១,៣០០លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)