Register Already an agent ? Login

ស្រុកល្វាឯមក្នុងខេត្តកណ្ដាល ពេលអនាគតក្លាយទៅជាទីក្រុងរណប ដើរតួនាទីសំខាន់ជាទីក្រុងទំនើប

ភ្នំពេញ៖ ស្រុកល្វាឯម ដែលស្ថិតក្នុងទឹកដីខេត្តកណ្ដាល អាច​ក្លាយ​ទៅជា​ទីក្រុង​រណប​នៅពេល​អនាគត នឹងដើរតួនាទីសំខាន់ជាទី​ក្រុង​ទំនើប ខណៈរាជធានីភ្នំពេញ​នឹង​ប្រែ​ក្លាយជា​ទីក្រុង​បុរាណ ​ដោយ​ផ្អែក​តាម​រចនាសម្ព័ន្ធ​សំណង់​និង​ផ្លូវ​ថ្នល់​បែប​បុរាណ​បន្សល់​ទុក​ច្រើន​។ បើតាមការលើកឡើងរបស់ លោក គី សេរីវឌ្ឍ អ្នក​សេដ្ឋកិច្ច​មកពី​រាជ្យ​បណ្ឌិតសភា​កម្ពុជា។

​ស្រុកឯ​ល្វាឯម ​នឹង​ក្លាយជា​ក្រុង​ទំនើប​សម័យថ្មី​ដែល​បង្ហាញ​ពី​ការលូតលាស់​របស់​ប្រទេស​កម្ពុជា ហើយ​ម្យ៉ាង​ល្វាឯម​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីរាជធានី​ភ្នំពេញ ​ដោយ​មាន​ស្ពាន​ជា​តំណ​ភ្ជាប់​ដែល​នឹង​ធ្វើឱ្យ​មាន​ការ​លូតលាស់​ផ្នែក​អចលនទ្រព្យ​ទៅជាមួយ។ បើតាមការលើកឡើងបន្តរបស់ លោក គី សេរីវឌ្ឍ។

ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល ​ក្នុងការ​បង្កើត​ក្រុង​ល្វាឯម​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​អ្នក​វិនិយោគ​ប្រមើល​មើល​ពី​ឱកាស​ក្នុង​ការរកស៊ី​ជួញដូរ​នៅ​ម្ដុំ​នោះ​។ បើតាមការលើកឡើងរបស់ លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ ដែលភ្នំពេញប៉ុស្ដិ៍បានស្រង់សំដី។

ភ្នំពេញប៉ុស្ដិ៍បានស្រង់សំដី លោក ច្រឹក សុខនីម លើកឡើងបន្តថា សម្រាប់​ការអនុវត្ត​ជាក់ស្ដែង​ទាល់តែ​យើង​ដឹង​ពី​ពេលវេលា​ជាក់លាក់ ​ថា​តើ​គម្រោង​ទាំង​អស់​ហ្នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ពេលណា​? តែ​ទោះជា​យ៉ាងណាក៏ដោយ នៅតែ​ជា​សញ្ញា​មួយ​ក្នុង​ការបង្ហាញ​ទំនុកចិត្ត​របស់​វិនិយោគិន​ថាយើង​នឹង​មាន​គម្រោង​ហ្នឹង​ណាមួយ​ក្នុង​ក្រុង​ល្វាឯម​ពេល​អនាគត​។

គួរបញ្ជាក់ថា ស្រុក​ល្វាឯម​ស្ថិតនៅ​ខេត្ត​កណ្ដាល​មាន ​ ១៥​ឃុំ​ រួមមាន៖ ឃុំអរិយក្សត្រ, ឃុំបារុង, ឃុំបឹងគ្រំ, ឃុំកោះកែវ, ឃុំកោះរះ, ឃុំល្វាសរ, ឃុំពាមឧកញ៉ាអុង, ឃុំភូមិធំ, ឃុំព្រែកក្មេង, ឃុំព្រែករៃ, ឃុំព្រែកឫស្សី, ឃុំសំបួរ, ឃុំសារិកាកែវ, ឃុំថ្មគរ និងឃុំទឹកឃ្លាំង។ មានភូមិសរុប​ ៤៣ភូមិ​។

នៅក្នុងពិធីបើកការដ្ឋានស្ពានអាកាសចំនួនពីរបន្ថែមទៀត កាលពីថ្ងៃទី៣១ ខែសីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យសិក្សានៅតំបន់ល្វាឯម ទៅជាទីក្រុងថ្មី សម្រាប់ខេត្តកណ្តាល។ សម្ដេចតេជោ បានបញ្ជាក់ថា «ទីក្រុងថ្មីនេះ នឹងត្រូវដាក់ស្ថិតក្នុងការគ្រប់គ្រងនៃរដ្ឋាបាលខេត្តកណ្តាល»។ បើតាម​ប្រមុខ​រដ្ឋាភិបាល​គំនិត​ផ្ដួចផ្ដើម​បង្កើត​ក្រុង​ល្វាឯម បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​ចិត្ត​អភិវឌ្ឍន៍​ក្រុង​រណប​កោះ​ពេជ្រ។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង ៣ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ការកាត់ផ្នែកខ្លះនៃទឹកដីខេត្តកណ្តាល មកភ្ជាប់ជាមួយនឹងរាជធានីភ្នំពេញ គឺដើម្បីឆ្លើយតបនឹងការរីកចម្រើនផ្នែកនគរូបនីយកម្ម នៃរាជធានីភ្នំពេញ។

កន្លែងទាំងនេះជាទឹកដីរបស់ខេត្តកណ្តាលទេ ក៏ប៉ុន្តែដោយសាររាជធានីភ្នំពេញមានការរីកចម្រើន ដូច្នេះបានជាកាត់បញ្ចូលទៅក្នុងរាជធានីភ្នំពេញ  ហើយបន្តិចទៀតមានការកាត់បន្ថែមទៀត។ បើតាមការថ្លែងបន្តរបស់ សម្ដេចតេជោ បានបន្តទៀតថា ការកាត់ទឹកដីខាងល្វាឯម  អរិយក្សត្រមកធ្វើជាខណ្ឌមួយរបស់រាជធានីភ្នំពេញ នឹងធ្វើឡើងនៅពេលស្ពានឆ្លងទៅកាន់អរិយក្សត្រពីតំបន់ជ្រោយចង្វារ សាងសង់រួច។

រាជរដ្ឋាភិបាល បានបង្ហាញគម្រោងសាងសង់ស្ពានចំនួនពីរ ភ្ជាប់ទៅតំបន់អរិយក្សត្រ ដែលស្ពានមួយបានសុំពីរដ្ឋាភិបាលកូរ៉េ ធ្វើពីជ្រោយចង្វារទៅកាន់អរិយត្សក្រ និងស្ពានមួយទៀត ឆ្លង់កាត់ត្រង់ក្តីតាកុយទៅកាន់ខាងល្វាឯម ដើម្បីធ្វើការតភ្ជាប់ទំនាក់ទំនងគ្នា។

ទន្ទឹមនឹងនេះ តំបន់អរិយក្សត្រ និងស្វាយជ្រុំ ដែលនៅត្រើយម្ខាងនៃរាជធានីភ្នំពេញ នឹងក្លាយជាទីក្រុងរណបប្រកបដោយសក្ដានុពលដ៏ធំមួយនាពេលអនាគត ជាពិសេសក្រោយមានស្ពានឆ្លងពីជ្រោយចង្វារទៅស្វាយជ្រុំ។ នេះបើតាមប្រសាសន៍បញ្ជាក់របស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)