Register Already an agent ? Login

គម្រោងធ្វើរោងចក្រ ច្រកនិងវេចខ្ចប់វ៉ាក់សាំង តម្លៃប្រមាណ ១០០លានដុល្លារ នៅខេត្តកណ្ដាល នឹងបើកការដ្ឋាននៅខែ១១នេះ

ភ្នំពេញ៖ គម្រោងសាងសង់រោងចក្រ ច្រកនិងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ-១៩ តម្លៃប្រមាណ ១០០លានដុល្លារ នៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល នឹងបើកការដ្ឋាននៅខែវិច្ឆិកា ឆ្នាំ២០២២។ បើតាមការថ្លែងឱ្យដឹងពី លោក ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

លោក ម៉ម ប៊ុន ហេង ដែលបានដឹកនាំមន្រ្តីក្រោមឱវាទ និងមន្ត្រីរបស់ក្រុមហ៊ុន ចុះពិនិត្យដំណើរការបូមខ្សាច់បំពេញដី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីត្រៀមការបើកការដ្ឋានសាងសង់ផ្លូវការ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២មានប្រសាសន៍ឱ្យដឹងថា គម្រោងសាងសង់រោងចក្រ ច្រកនិងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាកិច្ចសហការគ្នារវាងសហគ្រាសឱសថកម្ពុជា CPE និងក្រុមហ៊ុន Sinovac របស់ចិន។

លោក បានគូសបញ្ជាក់ថា «រោងចក្រនេះ នឹងត្រូវសាងសង់ឡើងដោយឈរលើមូលដ្ឋានបច្ចេកវេជ្ជសាស្ត្រ មានអាគារសម្រាប់ផលិត រក្សាទុកវ៉ាក់សាំង រក្សាកាកសំណល់ និងកន្លែងស្នាក់នៅរបស់កម្មករជាដើម។ រោងចក្រនេះ គឺបម្រើការច្រក និងវេចខ្ចប់វ៉ាក់សាំង Sinovac ដែលនឹងដឹកមកពីប្រទេសចិន»។

គម្រោងសាងសង់រោងចក្រនេះ គ្រោងបញ្ចប់ការសាងសង់ និងដាក់បម្រើការច្រក និងវេចខ្ចប់វ៉ាក់សាំងនៅឆ្នាំ២០២៤។ បើតាមការឱ្យដឹងបន្តរបស់ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងបូមខ្សាច់ចាក់បំពេញដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ហើយពិធីបើកការដ្ឋានសាងសង់ នឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះ។

រោងចក្រនេះ គឺជារោងចក្រដំបូងនៅក្នុងប្រទេសកម្ពុជា ហើយនឹងត្រូវសាងសង់ឡើងដោយយកចិត្តទុកដាក់ខ្ពស់បំផុតតាមបទដ្ឋានបច្ចេកវេជ្ជសាស្ត្រ។ បើតាមកាលើកឡើងរបស់ លោក ធាន សេង តំណាងសហគ្រាសឱសថកម្ពុជា CPE បានបន្តថា ក្រោយពេលរោងចក្រសាងសង់រួចរាល់ គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការច្រក និងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sinovac តាមតម្រូវការរបស់រាជរដ្ឋាភិបាល។

លោក ធាន សេង ក៏បានលើឡើងបន្តឱ្យដឹងថា ដំណាក់កាលដំបូង រោងចក្របម្រើការច្រកនិងវេចខ្ចប់ ហើយជំហានបន្ទាប់ ក្រុមហ៊ុននឹងដាក់ទុនបន្ថែម ដើម្បីបង្កើនសមត្ថភាពប្រែក្លាយរោងចក្រនេះទៅជាការផលិតវ៉ាក់សាំងផ្សេងៗ។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង ១០៤លានដូស ដែលនឹងត្រូវវេចខ្ចប់នៅក្នុងរោងចក្រនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។ បើតាមប្រសាសន៍ សម្ដេចតេជោ នាយករដ្ឋមន្រ្តី នាពេលន្លងទៅថ្មីៗនេះ និងរំពឹងទុកថា បើមានរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា ថ្ងៃក្រោយកម្ពុជាចង់ផលិតវ៉ាក់សាំងអ្វីក៏បាន ដោយសារមានមូលដ្ឋានស្រាប់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)