Register Already an agent ? Login

សំណង់អាគារក្នុងក្រុងព្រះសីហនុពី ៨០ទៅ១០០អាគារ ដែលបានផ្អាកការសាងសង់ដោយជំងឺកូវីដ-១៩ បានដំណើរការឡើងវិញ

ព្រះសីហនុ៖ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងឱ្យដឹងថា សំណង់ដែលជាប់គាំងកន្លងមកនៅខេត្តព្រះសីហនុ ដែលមានចំនួនប្រមាណពី៨០ ទៅ១០០អាគារ ដែលបានផ្អាកការសាងសង់ដោយជំងឺកូវីដ-១៩ កំពុងចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរហើយ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេច បានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក សេង ឡូត បានថ្លែងបញ្ជាក់ថា វិបត្តិកូវីដ-១៩ ដែលចាប់ផ្តើមពីឆ្នាំ២០២០ បានធ្វើឱ្យវិស័យនានានៅកម្ពុជា ក៏ដូចជាពិភពលោករងផលប៉ះពាល់យ៉ាងដំណំ ចំណែកវិស័យសំណង់ ក៏ជួបប្រទះនឹងភាពរាំងស្ទះមួយចំនួនដែរ។

នៅប្រទេសកម្ពុជា មានតែខេត្តព្រះសីហនុមួយទេ ដែលមានសំណង់អាគារច្រើនជាងគេ ប្រមាណ៨០ ទៅ១០០អាគារ សាងសង់មិនទាន់រួច ដោយឡែកនៅរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ មិនមានភាពរាំងស្ទះនោះនោះទេ។ បើតាមការថ្លែងបន្តរបស់ លោក សេង ឡូត បានបន្តទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងតែដាក់ចេញនូវយុទ្ធសាស្ត្រ នៃការអភិវឌ្ឍឡើងវិញក្រោយកូវីដ-១៩។

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដីដដែល បានលើកឡើងថា ទទឹមនឹងការអភិវឌ្ឍនិងការរស់នៅតាមប្រក្រតីភាពថ្មីនៃស្ថានភាពកូវីដ-១៩នេះ អញ្ចឹងខ្ញុំមានការជឿជាក់ថា មិនយូរទេបញ្ហាដែលជាប់គាំងនេះ នឹងត្រូវបានដោះស្រាយ ខាងវិស័យឯកជនក៏គាត់ត្រូវតែប្រឹងប្រែងក្នុងការបញ្ចប់គម្រោងរបស់គាត់ ដើម្បីឱ្យឆាប់បានទទួលផល ពីគម្រោងរបស់គាត់។

របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំ ការវិនិយោគក្នុងវិស័យសំណង់ នៅកម្ពុជាសម្រេចបាន ១៩,៣២២គម្រោង ផ្ទៃក្រឡាសំណង់ ៧១,៤៥៩.២៣៣ម៉ែត្រការ៉េ ទុនវិនិយោគ ៣១,៤៨៤លានដុល្លារ។

ដោយឡែក រយៈពេល៦ខែ ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី បានអនុម័តគម្រោងថ្មីប្រមាណ ២,០០០គម្រោង ផ្ទៃក្រឡាសំណង់ ២,៨៥៩,៨៧៧ម៉ែត្រការ៉េ ទុនវិនិយោគ ១,២០៦ លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)