Register Already an agent ? Login

ក្រសួងរៀនចំដែនដី បានអនុម័ត វិស័យសំណង់ ២ពាន់គម្រោង ទុនវិនិយោគ ១,២០៦លានដុល្លារ ៦ខែឆ្នាំ២០២២

ភ្នំពេញ៖ រយៈពេល ៦ខែ ខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុម័តគម្រោងវិនិយោគក្នុងវិស័យសំណង់ប្រមាណ ២,០០០គម្រោង មានផ្ទៃក្រឡាសំណងសរុបទាំងអស់ប្រមាណ ២.៨លានម៉ែត្រការ៉េ ដែលមានទុនវិនិយោគ ១,២០៦លានដុល្លារ។ បើតាមការថ្លែងឱ្យដឹងពី លោក លី រស្មី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

នៅសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» ធ្វើឡើងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក លី រស្មី បានថ្លែងបញ្ជាក់ថា «ប្រទេសដែលដើរតួនាទីធំជាងគេ វិនិយោគក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា រួមមាន៖ ប្រទេសចិន, កូរ៉េខាងត្បូង, ជប៉ុន ,ថៃ។ វិស័យនេះ បានចូលរួមនៅក្នុងកិច្ចការអភិវឌ្ឍយ៉ាងសកម្ម នៅក្នុងសេដ្ឋកិច្ចកម្ពុជា»។

តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងឆ្នាំ២០១៩ បានកើនឡើង ១២% ដែលស្មើនឹង ៣.៥ពាន់លានដុល្លារ។ បើតាមការលើកឡើងរបស់ លោក លី រស្មី បានបន្តថា ដោយឡែកលំហូរចូលវិនិយោគផ្ទាល់ពីបរទេសចំនួន ២.៣ពាន់លានដុល្លារ គឺបានចូលទៅក្នុងវិស័យហិរញ្ញវត្ថុ ក្នុងនោះចិន គឺជាប្រទេសដែលធំជាងគេវិនិយោគដោយផ្ទាល់ស្មើនឹងចំនួន ៤៣% បន្ទាប់មកគឺ កូរ៉េខាងត្បូងមានចំនួន ១១%, វៀតណាម៧%, ជប៉ុននិងសិង្ហបុរី ៦% ដូចគ្នា។

វិស័យសំណង់ និងអចលនទ្រព្យ បានបង្កើនប្រាក់ចំណូលខ្ពស់ដល់សង្គមជាតិផងដែរ ទាក់ទងជាមួយនឹងសេវាកម្មសង្គម ហើយក៏បានចូលយ៉ាងសកម្ម នៅក្នុងកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសគឺពាក់ព័ន្ធជាមួយនឹងការវិនិយោគ ទៅលើវិស័យសំណង់។ បើតាមការគូសបញ្ជាក់របស់​ លោក លី រស្មី។

បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែន បានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ការវិនិយោគក្នុងវិស័យសំណង់សម្រេចបាន ១៩,៣២២គម្រោង ផ្ទៃក្រឡាសំណង់ ៧១,៤៥៩,២៣៣ម៉ែត្រការ៉េ ទុនវិនិយោគ ៣១,៤៨៤លានដុល្លារ។

គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់រយៈពេល៦ខែ ឆ្នាំ២០២២ បានចេញលិខិតអនុញ្ញាតសាងសង់ នៅទូទាំងប្រទេសចំនួន ៥៧,៥៩០គម្រោង ផ្ទៃក្រឡាសំណង់សរុបចំនួន ១៦៦,៦២៣,៨៩១ម៉ែត្រការ៉េ និងទុនវិនិយោគសរុបប្រមាណ ៦៦,២០៥លានដុល្លារ។

គម្រោងអគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើង នៅទូទាំងប្រទេសមានចំនួន ២,៤៧២អគារ គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៤៨២គម្រោង និងបានផ្តល់វិញ្ញាបនបត្រប្រកបអាជីវកម្ម ក្នុងវិស័យសំណង់ដល់ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់បានចំនួន ៣,២៤៤ក្រុមហ៊ុន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)