Register Already an agent ? Login

មន្រ្តីបច្ចេកទេស បានវាស់វែងដីជាង ២ម៉ឺនក្បាលដី មានទំហំជាង ៤ម៉ឺនហិកតា ក្រោមការគ្រប់គ្រងអាជ្ញាធរជាតិអប្សរា

សៀមរាប៖ មន្រ្តីបច្ចេកទេស មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៦៨ក្រុម ចុះសហការជាមួយមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានមានចូលរួមពីពីអាជ្ញាធរមូលដ្ឋានចំណុះឱ្យរដ្ឋបាលខេត្តសៀមរាប បានចុះវាស់វែងកំណត់ក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង់របស់អាជ្ញាអរជាតិអប្សរាបានចំនួន ២០,០៣១ក្បាលដី។ បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញដោយ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

នៅក្នុងប្រកាសព័ត៌មានដែល លោក ជា សុផារ៉ា បានបង្ហោះលើទំព័រហ្វេសប៊ុក របស់ លោក បានបន្តឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសបានសម្រេចលទ្ធផល វាស់វែងក្បាលដីបានចំនួន ២០,០៣១ក្បាលដី ក្នុងនោះ ក្បាលដីមានសំណង់ចំនួន ១២,៣១៥ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន ៦,៧៣៧ក្បាលដី ក្នុងទំហំសរុប ៤០,១១៨ហិកតា នៃទីតាំងទាំង៣ ដែលស្ថិតក្រោម ការគ្រប់គ្រង់របស់អាជ្ញាអរជាតិអប្សរា។

បើតាមសេចក្ដីប្រកាសព័ត៌មាន បានបន្តទៀត បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧,៣២២គ្រួសារ។ ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតូបលក់ដូរសរុប ៤៤តូប ក្នុងនោះ ៣៤តូប លក់វត្ថុអនុស្សាវរីយ ស្ថិតលើខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ និង ១០តូប ស្មើ ៧៩ខ្ទុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក។

ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក ក្នុងនោះ ២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណ និង៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាងសេះ និងត្រូវចូលរួមចាប់ឆ្នោតទទួលយកដីឡូត៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ បើបើតាមសេចក្ដីប្រកាសព័ត៌មានដដែល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)