Register Already an agent ? Login

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញ បើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី២ទៀត នៅចុងខែសីហានេះ

ភ្នំពេញ៖ លោក ឃួង ស្រេង រដ្ឋបាលរាជធានីភ្នំពេញ នឹងអញ្ជើញក្នុងពិធីក្រុងពលី បញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសថ្មី ២ទៀត នៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ បើតាមការឱ្យដឹងពីមន្រ្តីរដ្ឋរាជធានីភ្នំពេញ បានបន្តថា បន្ទាប់មកនៅព្រឹកថ្ងៃទី៣១ ខែសីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនាស្ពានអាកាស ២ទីតាំងថ្មីនេះតែម្តង។

លោក​​ កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុម​ការងារ​បច្ចេកទេស និង​អ្នក​ជំនាញ​កំពុង​ធ្វើការ​ចុះ​វាស់វែង​លើ​ការងារ​នេះ ដើម្បី​បញ្ចូល​ក្នុង​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់លើ​ក្នុង​ការពិនិត្យ​។ ចំពោះ​ការបើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ទាំង​២ ​នេះ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ចុង​ខែ​សីហា ឆ្នាំ​២០២២​។ បើតាម​ភ្នំពេញ​ប៉ុស្តិ៍ ដែលបានស្រង់សំដី។

​លោក​ថា​ អ្នកជំនាញ​គេ​កំពុង​ប្រជុំ​ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​របាយការណ៍​ជូនទៅ​ លោក ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​បញ្ជូន​ទៅ​សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី ហើយ​ត្រៀម​បើក​ការដ្ឋាន​ក្នុង​ចុងខែ​សីហា​នេះ​​។

លោក ​​ កើត ឆែ បាន​បញ្ជាក់ថា ស្ពាន​ទាំង​២​ នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ដែល​ក៏​នឹង​រួមចំណែក​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

បើតាមការប្រកាសព័ត៌មានរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ទីតាំងសាងសង់ស្ពានទាំងពីរតាំងរួមមាន៖

ទី១-សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថីព្រះមុនី្នវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)។

ទី២-សាងសង់ស្ពានអាកាសនៅទីតាំងស្តុបស៊ិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថីសហព័ន្ឋរុស៊្សី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១ ។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បញ្ជាក់ថា គម្រោងនៃការសាងសង់ស្ពានអាកាសទាំង២ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកសាងសង់។

សូមរម្លឹកថា បច្ចុប្បន្ន នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៧កន្លែងរួមមាន៖ ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៧មករា, ស្ពានអាកាស៥មករា, ស្ពានអាកាសស្តុបផ្សារដីហុយ, ស្ពានអាកាសចោមចៅ, ស្ពានអាកាសផ្លូវជាតិលេខ៥គីឡូម៉ែត្រលេខ៦ ដែលកំពុងមមាញឹកក្នុងការសាងសង់។ នៅពេលស្ពានអាកាសទាំង២ធ្វើនេះរួចរាល់ រាជធានីភ្នំពេញនឹងមានស្ពានអាកាសចំនួន១០ ដើម្បីសម្រួលការកកស្ទះចរាចរជូនប្រជាពលរដ្ឋ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)