Register Already an agent ? Login

កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៧៤ម៉ឺននាក់ ៧ខែឆ្នាំ២០២២ កើនឡើង ៥៦០%

ភ្នំពេញ៖ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា ទទួលបានទេសចរអន្តរជាតិជាង ៧៤ម៉ឺននាក់ កើនឡើង ៥៦០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ។ បើតាមការថ្លែងរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទែសចរណ៍

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកជំនាញទេសចរណ៍ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោ ថោង ខុន បានថ្លែងបន្តថា ការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ។

លោក រដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា ក្នុងនោះ ដូចជាក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ ក៏ដូចជាខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍មួយចំនួនទៀត មានសកម្មភាពទេសចរណ៍ជាច្រើនឡើងវិញ។

ដោយឡែកសម្រាប់ខេត្តសៀមរាប ៧ខែ ឆ្នាំ២០២២ មានទេសចរផ្ទៃក្នុង ១,២៤២,៨៥៤នាក់ កើនឡើង ៨៩០% ប្រៀបធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទេសចរជាតិមាន ១,១៥៩,០០០នាក់ កើនឡើង ៧៩៩% និងទេសចរបរទេសផ្ទៃក្នុង ៨៣,៨៥៤នាក់ កើនឡើង១៣៥២%។ បើតាមការថ្លែងបន្ថែមរបស់ លោក ថោង ខុន។

លោក ថោង ខុន បានថ្លែងបន្ថែមទៀតថា ក្នុងបរិការណ៍នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព សេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ ទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងនិងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានថ្លែងឱ្យដឹងថា ការីទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក៏ដូចជាអ្នកបម្រើការក្នុងវិស័យទេសចរណ៍ផ្សេងទៀតដែលមានចំនួនសរុប ១,០៧៥នាក់ រួមមាន៖ បុគ្គលិកបម្រើការផ្នែកសណ្ឋាគារ និងភោជនីយដ្ឋានចំនួន ៧០០នាក់ ទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ចំនួន ១៧៥នាក់ មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន ២០០នាក់ ព្រមទាំងគ្រូបង្គោលចំនួន ៤៩នាក់ទៀតផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)