Register Already an agent ? Login

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចក្រភពអង់គ្លេស មានទឹកប្រាក់សរុបជាង ៥៨១លានដុល្លារ ៧ខែឆ្នាំ២០២២

ភ្នំពេញ៖ រយៈពេល​ ៧ខែ​ឆ្នាំ​២០២២ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-​ចក្រភព​អង់គ្លេស មាន​ទឹកប្រាក់​សរុប​ជាង ៥៨១,៣៧​លាន​ដុល្លារ កើន​ជាង ៤៥,៥% បើធៀបទៅនឹងឆ្នាំ២០២១ មាន​ទឹកប្រាក់ ៣៩៩,៥៨ លាន​ដុល្លារ​។ បើ​តាម​របាយការណ៍របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

នៅក្នុងរបាយការណ៍បានបន្តឱ្យដឹងថា សម្រាប់​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ចក្រភព​អង់គ្លេស​ក្នុង​រយៈពេល ៧​ខែ​ឆ្នាំ​២០២២ មាន​ចំនួន ៥២៧,៧៣លាន​ដុល្លារ កើន ៤៣,១% និង​ការនាំ​ទំនិញ​ពី​អង់គ្លេស​មាន​ទឹកប្រាក់ ៥៣,៦៤​លាន​ដុល្លារ កើន ៧៤,៥%​។

ទំនិញ​កម្ពុជា ​នាំទៅ​ចក្រភព​អង់គ្លេស មាន​ដូចជា៖ សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ ផលិតផល​កសិកម្ម និង​ផលិតផល​អង់គ្លេស​នាំមក​កម្ពុជា​មាន​ដូចជា​រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿង​អេឡិចត្រូនិក​ជាដើម​។

ទំហំ​ទឹកប្រាក់​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ បានបង្ហាញ​ភាព​វិជ្ជមាន​ជា​បន្តបន្ទាប់ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ គឺ​បន្ទាប់ពី​អង់គ្លេស​ធ្វើ Brexit ចាក​ចេញពី​សហគមន៍​អឺរ៉ុប​។ បើតាមការលើកឡើងរបស់ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ដែលភ្នំពេញប៉ុស្តិ៍បានស្រង់សំដី។

ភ្នំពេញប៉ុស្តិ៍បានស្រង់សំដី លោក លឹម ហេង បន្តថា បន្ទាប់ពី​ការចេញ​នេះការធ្វើ​ពាណិជ្ជកម្ម​លក្ខណៈ​ទ្វេភាគី​ជាមួយ​កម្ពុជា គឺ​មាន​ទំហំ​ទឹកប្រាក់​កាន់តែ​ច្រើន ខណៈ​ចក្រភព​អង់គ្លេស​ក៏​ផ្តល់​ប្រព័ន្ធ​លើកលែង​ពន្ធ GSP ឱ្យ​កម្ពុជា​សម្រាប់​ការនាំចេញ​ទំនិញ​មួយចំនួន​ដោយ​រួច​ពន្ធ​ទៅ​ប្រទេស​ខ្លួន​ដែរ​។

​ការទទួល​បាន GSP ពី​ចក្រភព​អង់គ្លេស គឺជា​ផ្នែក​មួយ​នៃ​ការប៉ះប៉ូវ​ពី​ការបាត់បង់ EBA ចំនួន​ ២០% ​របស់​សហគមន៍​អឺរ៉ុប​ដែល​បាន​ផ្តល់​ឱ្យ​កម្ពុជា​កាលពី​ពេល​កន្លងមក​ផងដែរ​។ បើតាមការបន្ថែមរបស់ លោក លឹម ហេង បានបញ្ជាក់ថា អង់គ្លេស គឺជា​ទីផ្សារ​ធំ​មួយ​នៅ​អឺរ៉ុប និង​ជាទី​ផ្សារ​មាន​សក្តានុពល​ សម្រាប់​ទំនិញ​កម្ពុជា​ ការនាំចេញ​របស់​កម្ពុជា​ទៅ​ចក្រភព​អង់គ្លេស​នឹង​អាចមាន​សម្ទុះ​ខ្លាំង​បន្ថែមទៀត​នៅពេល​ខាងមុខ​។

សូមរម្លឹកថា ទំហំ​ទឹកប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ​២០២១ មាន​ចំនួន​ជាង ៧៨៨,៦៥ ​លាន​ដុល្លារ ធ្លាក់ចុះ -១០,៦% ​ធៀប​ឆ្នាំ​២០២០ ដោយ​ការនាំចេញ​របស់​កម្ពុជា​មាន​ទឹកប្រាក់ ៧៣១,៨៤លាន​ដុល្លារ ធ្លាក់ -១១,៩% និង​ទំនិញ​នាំ​ពី​អង់គ្លេស​មាន​ទឹកប្រាក់ ៥៦,៨១​លាន​ដុល្លារ កើនឡើង ១០,២%​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)