Register Already an agent ? Login

លោក ឃួង ស្រេង ស្នើសុំឱ្យបារាំងជួយកសាងស្ថានីយ ទឹកកខ្វក់នៅខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង បានស្នើសុំឱ្យបារាំងជួយកសាងស្ថានីយ ទឹកកខ្វក់មួយកន្លែងទៀតនៅខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ  ដើម្បីឱ្យបរិស្ថានទឹកល្អប្រសើរ មុននឹងហូរចូលទៅដងទន្លេសាប។

ការស្នើសុំខាងលើរបស់ លោក ឃួង ស្រេង បានធ្វើឡើង ក្នុងឱកាសដែលបានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ  លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ។

នៅក្នុងជំនួបនោះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អង្គការ JICA របស់ជប៉ុន បានជួយកម្ពុជាជាច្រើនពិសេសនៅរាជធានីភ្នំពេញ ដោយបានកសាងស្ថានីយទឹកកខ្វក់ជាច្រើនកន្លែងនៅរាជធានីភ្នំពេញ។ លោក បានបន្តថា ដោយឡែកនៅខាងជើងភាគខាងលិចរាជធានីភ្នំពេញ មិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។

លោក លោក ឃួង ស្រេង បានបន្តទៀតថា ដូច្នេះសុំឱ្យបារាំងជួយរាជធានីភ្នំពេញក្នុងការកសាងស្ថានីយ៍ទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឱ្យអ្នកជំនាន់ក្រោយបានប្រើប្រាស់។ លោក បានបញ្ជាក់ «ទោះបីជួយជាកម្ចី ឬក៏ជាជំនួយឥតសំណងក្តី»។ បន្ថែមពីលើនេះ លោក ក៏បានស្នើឱ្យភាគីបារាំងជួយដោះស្រាយទៅលើបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញផងដែរ ដោយសារតែរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។

ចំពោះស្ថានទូតបារាំងប្រចាំកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និងជួយការពារសន្តិសុខ សណ្ដាប់ធ្នាប់គ្រប់បែបយ៉ាង ហើយបើស្ថានទូតត្រូវការឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយ រដ្ឋបាលរាជធានីភ្នំពេញនឹងជួយសម្រួលគ្រប់ការងារដែលស្ថានទូតបារាំងត្រូវការផងដែរ។ បើតាមការបញ្ជាក់របស់ លោក អភិបាលរាជធានីភ្នំពេញ។

លោក ហ្សាក់ ប៉ឺឡេ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍ រីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានសំណង់ អាគារខ្ពស់ៗ ជាមួយផ្លូវខ្វាត់ខ្វែង ខុសពីឆ្នាំ១៩៩៥ ដាច់ស្រឡះតែម្តង។

លោក ហ្សាក់ ប៉ឺឡេ ក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ អភិរក្សនូវបេតិកភណ្ឌចាស់ៗ ដែលនៅសេសសល់ ព្រោះវាជាការទាក់ទាញភ្ញៀវជាតិអន្តរជាតិ ឱ្យមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ។ លោកទូត បានលើកឡើងពីគម្រោងសិក្សាកសាងនៅរទេះភ្លើងល្បឿនលឿន នៅភ្នំពេញផងដែរ ក្រោយពីសិក្សារួច រយៈពេល១០ ឆ្នាំហើយ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងប្រព្រឹត្តទឹកកខ្វក់ភ្នំពេញនេះដែរ សេចក្តីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ដែលរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ក៏បានប្រគល់ដល់ដៃកម្ពុជាជាផ្លូវការ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

សេចក្តីព្រាងច្បាប់នេះ នឹងជួយឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត តាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)