Register Already an agent ? Login

សម្ដេចតេជោ៖ សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន កំណើនសេដ្ឋកិច្ចកម្ពុជាពី ៥.៦% មកនៅត្រឹម ៥.២% សម្រាប់ឆ្នាំ២០២២

ភ្នំពេញ៖ សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ធ្វើឱ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥.៦% មកនៅត្រឹម ៥.២% សម្រាប់ឆ្នាំ២០២២។ នេះជាប្រសាសន៍បញ្ជាក់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា ប្រមាណ ២ពាន់នាក់។

នៅក្នុងពីធីនោះ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា បានមានប្រសាសន៍បន្តថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២ ការប្រមូលពន្ធដារសម្រេចបានប្រមាណ ៥៣% គិតជាសាច់ប្រាក់ជាង ២ពាន់លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងវ៉ាស៊ីនតោន មានចម្ងាយជាង ១ម៉ឺនគីឡូ តែសម្តេចនៅតែអាចជួបជាមួយខ្មែរនៅអាមេរិកបាន។ សម្ដេច បានបញ្ជាក់ថា វាមិនស្ថិតនៅលើចម្ងាយទេ អាស្រ័យលើការចង់ជួប ឬអត់?។

ទាក់ទងទៅនឹងទំនាក់ទំនងរវាង កម្ពុជានិងអាមេរិក សម្តេចតេជោ បានថ្លែងថា ទីតាំងស្ថានទូតអាមេរិក គឺជាទីតាំងល្អបំផុតនៅរាជធានីភ្នំពេញ។ បើមិនមែនអាមេរិក សម្តេចមិនផ្តល់ឱ្យទីតាំងនៅទីនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនជ្រើសរើសចិន ប្រឆាំងអាមេរិក ឬជ្រើសអាមេរិក ប្រឆាំងចិននោះឡើយ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក មានទំហំធំបំផុតក្នុងនោះការនាំចេញមកអាមេរិក មានរហូតដល់ជាង ៩ពាន់លានដុល្លារ ហើយបច្ចុប្បន្នមានក្រុមហ៊ុនអាមេរិកជាច្រើនកំពុងតែវិនិយោគនៅក្នុងប្រទេសកម្ពុជា និងកំពុងធ្វើការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។

នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ថាមមី ដាកវើក (Tammy Duckworth)សមាជិកព្រឹទ្ធសភាអាមេរិក។ 

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចផងដែរពីភាពល្អប្រសើរនៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអាមេរិក។ ក្នុងនៅឆ្នាំ២០២១ បើទោះបីពិភពលោកជួបវិបត្តិជំងឺកូវីដ-១៩ តែទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកមានកំណើនប្រមាណ ៣០% ហើយត្រីមាសទី១ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនរហូតដល់ប្រមាណ ៤០%។

សម្តេចតេជោ ក៏បានលើកឡើងផងដែរពីស្ថានបរិយាកាសវិនិយោគ ដែលកាន់តែមានភាពល្អប្រសើរនៅកម្ពុជា។ ភាពល្អប្រសើរនៃបរិយាកាសវិនិយោគនេះ បានធ្វើឱ្យក្រុមហ៊ុនរបស់អាមេរិកជាច្រើនកំពុងវិនិយោគនៅកម្ពុជា។ ពាក់ព័ន្ធការវិនិយោគនេះ សម្តេចតេជោ បានស្នើដល់ លោកស្រី សមាជិកព្រឹទ្ធសភាអាមេរិក ជួយជំរុញបន្ថែមនូវការវិនិយោគរបស់អាមេរិកទៅកាន់កម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងផងដែរនូវបញ្ហាមួយចំនួន ដែលនាំឱ្យរំខានដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ បញ្ហាដែលសម្តេចតេជោ ចាត់ទុកថា ជាការខ្វែងគំនិតគ្នារវាងកម្ពុជា និងអាមេរិកនោះ មានដូចជាកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសពេលបានប្រព្រឹត្តទោស ការដាក់លក្ខខណ្ឌសម្រាប់ទិដ្ឋាការរបស់មន្ត្រីការទូតជាដើម។ សម្តេចតេជោ បានស្នើឱ្យលោកស្រី សមាជិកព្រឹទ្ធសភាអាមេរិក ពិចារណាសម្របសម្រួលលើបញ្ហានេះ។

នៅក្នុងឱកាសនេះ សម្តេចតេជោ ក៏បានឆ្លៀតបញ្ជាក់ពីបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋានទ័ពរាមផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា កំពង់ផែរាម គឺអភិវឌ្ឍន៍ដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់កម្ពុជា មិនមែនបម្រើឱ្យទ័ពបរទេសណាមួយនោះឡើយ។ សម្តេចតេជោ បានលើកឡើងទៀតថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងយ៉ាងច្បាស់មិនឱ្យមានទ័ពបរទេសលើទឹកដីខ្លួន ហើយកងទ័ពកម្ពុជា ក៏មិនចេញប្រតិបត្តិការនៅប្រទេសដទៃនោះដែរ លើកលែងតែប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។

សម្តេចតេជោ បានបញ្ជាក់ថា ប្រទេសយើងមិននៅក្រោមប្រទេសណាមួយទេ ប្រទេសយើងឯករាជ្យ មានអធិបតេយ្យភាព។ ដូច្នេះ យើងមិនត្រូវការកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ។ មិនថាកងទ័ពចិន ឬកងទ័ពប្រទេសណាក៏ដោយ។ សម្តេចតេជោ បានបញ្ជាក់ថាទៀត បច្ចុប្បន្នកំពង់ផែខេត្តព្រះសីហនុ បានស្វាគមន៍នាវាចិន អាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលចូលចតនៅផែរបស់កម្ពុជា ដោយមិនមានការរើសអើងនោះឡើយ។

ជាការឆ្លើយតប លោកស្រី សមាជិកព្រឹទ្ធសភាអាមេរិក បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានបើកបង្ហាញនូវសមានចិត្តក្នុងការធ្វើទំនាក់ទំនងជាមួយនឹងអាមេរិក។ លោកជំទាវ ក៏បានថ្លែងអំណរគុណ សម្តេចតេជោ ក្នុងនាមប្រធានអាស៊ាន បានប្រឹងប្រែងក្នុងការដោះស្រាយបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកស្រី ក៏បានកត់សម្គាល់ដែរថា បច្ចុប្បន្នមានក្រុមហ៊ុនរបស់អាមេរិកជាច្រើនកំពុងវិនិយោគ និងដំណើរការអាជីវកម្មនៅកម្ពុជា។ លោកស្រី បានមើលឃើញថា កម្ពុជានិងអាមេរិក មានឱកាសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគកាន់តែប្រសើរថែមទៀត។ លោកស្រី ក៏បានសន្យាជួយជំរុញអ្នកវិនិយោគរបស់អាមេរិក មកកាន់កម្ពុជាថែមទៀតផងដែរ។

នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកស្រីមាជិកព្រឹទ្ធសភាអាមេរិក មកទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចទន្ទឹងរង់ចាំស្វាគមន៍វត្តមានរបស់លោកជំទាវនាពេលខាងមុខ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)