Register Already an agent ? Login

ផ្លូវបេតុង ២ខែ្សប្រវែងសរុប ៣,៨២២ម៉ែត្រ នៅក្រុងតាខ្មៅនិងស្រុកល្វាឯម ខេត្តកណ្ដាល ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កណ្ដាល៖ លោក គង់​សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ​ផ្លូវបេតុងអាមេប្រវែងសរុប ៣,៨២២ម៉ែត្រ ស្ថិតនៅក្នុងតាខ្មៅ និងស្រុកល្វាឯម កាលពីថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២។

នៅក្នុងពិធីខាងលើ លោក គង់ សោភ័ណ្ឌ បានថ្លែងឱ្យដឹថា ផ្លូវទាំងពីរខ្សែនេះ គឺខ្សែទី១ ប្រវែង ១,២៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ នៅសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកឬស្សី។ ខ្សែទី២ ប្រវែង ២,៥៧២ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម។

លោក គង់ សោភ័ណ្ឌ បានថ្លែងបន្តថា ផ្លូវបេតុងនេះ ដែលជាសមិទ្ធិផលថ្មីមួយក្នុងចំណោមសមិទ្ធផលច្រើនទៀត នៅក្នុងក្រុងតាខ្មៅ សម្រាប់បម្រើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ បានងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព។ លោក បានគូសបញ្ជាក់ថា «ផ្លូវនេះគឺមានសារសំខាន់ណាស់បម្រើវិស័យដល់សេដ្ឋកិច្ច សង្គមកិច្ច ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធា​ រួមចំណែកកាត់បន្ថយភាពក្រីក្រ បានកាន់តែឆាបរហ័សផងដែរ»។

លោក បានថ្លែងបន្តទៀតថា ផ្លូវបេតុងអាមេប្រវែងជិត ៣ពាន់ម៉ែត្រ ក្នុងស្រុកល្វាឯម ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់ខេត្តកណ្តាល វាបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ក្នុងការធ្វើដំណើរជាប្រចាំថ្ងៃ ក៏ដូចជាប្រជាកសិករនៅក្នុងតំបន់នេះងាយស្រួលក្នុងការដឹកកសិផលរបស់ខ្លួនយកទៅលក់នៅទីផ្សារផងដែរ ដែលវាបានជួយសម្រួលដល់ធ្វើដំណើរបានរហ័ស ងាយស្រួល និងចំណេញថវិកា។

អភិបាលខេត្ត បានថ្លែងបន្ថែមថា ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក «ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញបំផុសចលនាប្រជាជន ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំ។

លោក បានបញ្ជាក់ថា ក្នុងនោះនៅគ្រប់មូលដ្ឋានត្រូវ បង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន ដូចជា៖ សកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿង ញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើង ជាដើម  ជាពិសេសយុវជន តូ្រវជៀសឱ្យឆ្ងាយពីគ្រឿងញៀន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)