Register Already an agent ? Login

អាស៊ាន បានប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញជាផ្លូវការ

ព្រះសីហនុ៖ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន រួមនឹងអគ្គលេខាធិការអាស៊ាន កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានរួមគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញចេញពីខេត្តព្រះសីហនុ។

ការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនេះមានក្នុងចក្ខុវិស័យលើការស្តារសេដ្ឋកិច្ច-សង្គមអាស៊ានឡើងវិញ ដោយឈរលើគោលការណ៍ដូចតទៅ៖

១-ចាប់ផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ធ្វើឲ្យចេញជារូបរាងនូវច្រកធ្វើដំណើរអាស៊ាន និងបង្កើតនូវកាតវ៉ាក់សាំងឌីជីថល។ ២-កំណត់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាគន្លឹះក្នុងការសម្រេចបាននូវភាពស៉ាំងសហគមន៍ឆ្ពោះទៅការដំណើរការចង្វាក់ឧស្សាហកម្មទេសចរណ៍ឡើងវិញ។

៣-ជំរុញលើកទឹកចិត្តការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មីស្របតាមវិធានសុខាភិបាល និងស្តង់ដាប្រតិបត្តិនៃប្រទេសសមាជិកនីមួយៗ។ ៤-ធានាឲ្យបានថាសេវាកម្ម និងធុរកិច្ចទេសចរណ៍ដំណើរការដោយអនុលោមតាមគោលការណ៍អាស៊ានស្តីពីអនាម័យ និងសុវត្ថិភាពសម្រាប់អ្នកជំនាញទេសចរណ៍ និងសហគមន៍។ ៥-ជំរុញភាពជឿជាក់ និងទំនុកចិត្តតាមរយៈការលើកទឹកចិត្តដល់ប្រតិបត្តិករ និងអ្នកផ្តល់សេវាកម្មទេសចរណ៍ទាំងអស់ ក្នុងតំបន់អាស៊ាន។

នាឱកាសនោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសសួងទេចរណ៍កម្ពុជា ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ឡូហ្គោទេសចរណ៌អាស៊ានថ្មី (New ASEAN Tourism Logo) និងតែមការធ្វើដំណើរប្រកបដោយសុវត្ថិភាពអាស៊ាន (ASEAN Safe Travel Stamp “Safe and Warm”) ដែលជាផ្នែកមួយនៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)