Register Already an agent ? Login

អគារពាណិជ្ជកម្មចម្រុះ ៤៥ជាន់ ជីប ម៉ុង ថៅវើ លើផ្ទៃដីជាង ១ម៉ឺនម៉ែត្រក្រឡា សម្រេចការសាងសង់ជាង ៦០%

ភ្នំពេញ៖ អគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើ កម្ពស់ ១៨៥ម៉ែត្រ ដែលមានចំនួន ៤៥ជាន់ ជាអគារពាណិជ្ជកម្មទំនើបប្រណីត ដែលរួមបញ្ចូលគ្នានូវផ្នែកបដិសណ្ឋារកិច្ច ការិយាល័យធ្វើការ ផ្សារទំនើប និងការកម្សាន្តដ៏សម្បូរបែបនៅក្នុងអគារតែមួយ។ អគារនេះ មានផ្ទៃក្រឡាសរុប ១៤ ០៤២ម៉ែត្រការ៉េ សាងសង់ដោយទុនវិនិយោគប្រមាណ ២៣០លានដុល្លារ។ អគារនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំ២០២២នេះ ដែលនឹងបង្កើតវត្តមានដ៏ខ្លាំងនៅក្នុងវិស័យពាណិជ្ជកម្ម និងចូលរួមបង្កើនសោភ័ណភាពជាមួយនឹងស្ថាបត្យកម្មអគារដ៏ប្រណីត។

អគារពាណិជ្ជកម្មទំនើបប្រណីតនេះ ដែលជារបស់ក្រុមហ៊ុន ជីប ម៉ុង បានឈរជើងក្នុងទីផ្សារកម្ពុជា អស់រយៈកាល ៤ទសវត្សរ៍មកហើយ កំពុងបន្តពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការវិនិយោគលើអគារពាណិជ្ជកម្មចម្រុះអន្តរជាតិកម្ពស់៤៥ជាន់ “ជីប ម៉ុង ថៅវើ” ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ជិតស្ពានអាកាស៥ មករា ដែលជាតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ ក្នុងខណ្ឌសែនសុខ។

អគារពាណិជ្ជកម្មទំនើបនេះ ប្រមូលផ្ដុំទៅដោយពាណិជ្ជកម្មចម្រុះដោយក្នុងនោះនឹងមានវត្តមានសំខាន់ៗដូចជា៖ សណ្ឋាគារលំដាប់ពិភពលោក ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ បូករួមនឹងពាណិជ្ជកម្មធំពីររបស់ជីប ម៉ុង គឺ ជីប ម៉ុង រីថែល និងធនាគារ ជីប ម៉ុង។

នៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចនេះ ក៏នឹងមានលក្ខណៈដ៏សម្បូរបែបដូចជា ការិយាល័យទំនើប រោងភាពយន្តខ្នាតធំ និងពាណិជ្ជកម្មផ្សេងៗទៀតដែលនឹងចូលរួមពង្រីកសក្ដានុពលសេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច-វិនិយោគជាតិនិងអន្តរជាតិ ក៏ដូចជាដើម្បីឆ្លើយតបនឹងបរិបទនៃការរស់នៅបែបថ្មីទំនើបទាន់សម័យ តាមរយៈការផ្សារភ្ជាប់ផ្នែកបដិសណ្ឋារកិច្ច ការបំពេញការងារ ការកម្សាន្ត និងបណ្ដុំពាណិជ្ជកម្មនានា ក្រោមដំបូលអគារតែមួយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)