Register Already an agent ? Login

ក្នុងឆ្នាំ២០២១ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុន១៧០ ទុនវិនិយោគជាង ២ពាន់លានដុល្លារ កើន៤០%

ព្រះសីហនុ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាក់ទាញសហគ្រាស និងស្ថាប័នឯកជនចំនួន ១៧០ក្រុមហ៊ុន មកពីប្រទេសចិន អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ទំហំទឹកប្រាក់នៃការនាំចេញ នាំចូលរបស់សហគ្រាសតំបន់នេះ ទទួលបាន ២,០០១ពាន់លានដុល្លា កើនឡើង ៤០.០៣ភាគរយ ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២០។ បើតាមការថ្លែងរបស់ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។

លោកអភិបាលរងខេត្ត បានថ្លែងបន្តថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស១១ បានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានដាក់សម្ពោធឱ្យដំណើរការកាលពីឆ្នាំ២០០៨ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន។ លោក បានបន្តទៀតដោយម្លឹកថា តំបន់សេដ្ឋកិច្ចពិសេសនេះ ត្ត្រូវបានបង្កើតឡើងរួមគ្នាដោយភាគីចំនួនបី គឺក្រុមហ៊ុន ហូដូ គ្រុប ក្រុមហ៊ុន Wuxi Huatai Investment Real Estate Co Ltd, និងឧកញ៉ា ឡាវ ម៉េងឃីន។

លោក ឡុង ឌីម៉ង់ បានថ្លែងបន្ថែមថា ខេត្ត ក្រុងទាំងពីរ បានកំណត់យកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ធ្វើជាស្ពាន និងជាវេទិកា ដើម្បីទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅក្នុងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធដែលទទួលបានលទ្ធផលគួរជាទីមោទកភាព និងបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ។

នៅក្នុងប្រជុំតាមប្រព័ន្ធអនឡាញ ស្តីពីការលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កម្រិត ២.០ ជាមួយ លោក ទូ ហ្សាវកាង (Du Xiaogang) លេខាបក្សនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនទីក្រុងវូស៊ី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោក ឡុង ឌីម៉ង់ បានថ្លែងបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្ដល់ផលប្រយោជន៍ និងការងារយ៉ាងច្រើនដល់ខេត្តព្រះសីហនុ កាត់បន្ថយការធ្វើចំណាកស្រុក និងភាពក្រីក្រ បង្កើតការងារជិត ៣ម៉ឺនកន្លែង។ ហើយវាក៏ដើរតួនាទីជាអ្នកបើកច្រកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទូលំទូលាយផ្នែកពាណិជ្ជកម្មអន្តរជាតិក្នុងតំបន់ និងពិភពលោកផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ លោក ទូ ហ្សាវកាង បានថ្លែងថា ដើម្បីកំណត់អនាគតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានចាប់ផ្តើមពីឆ្នាំ២០០៨ ហើយមកដល់ថ្ងៃនេះ ទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេស និងសហគ្រាសចូលបោះទីតាំងសរុបប្រមាណ​ ១,៣៦៦លានដុល្លា។

ចាប់ពីខែមករា ដល់ខែវិច្ឆិកា ទំហំទឹកប្រាក់នាំចេញ និងនាំចូលសរុប ២,០០១លានដុល្លា។ បើតាមការថ្លែងបន្តរបស់ លោក ទូ ហ្សាវកាង បានបញ្ជាក់ថា «តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្លាយជានិមិត្តរូបនៃចំណងមិត្តភាពរវាងខេត្ត ក្រុងទាំងពីរ និងត្រូវចាត់បញ្ចូលក្នុងបញ្ជីសម្រេចមូលដ្ឋានក្នុងសន្និសីទ កំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ "ខ្សែក្រវាត់ និងផ្លូវ" លើកទី២ បានទទួលស្គាល់ពីរប្រមុខរដ្ឋទាំងពីរ។ សមិទ្ធផលនេះ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយក៏មិនអាចកាត់ផ្តាច់ពីពីការចង្អុលបង្ហាញពីខេត្តជាំងស៊ូ»។

ទីក្រុងវូស៊ី ធ្វើឱ្យសម្រេចការដាក់ចេញគំនិតផ្តួចផ្តើមរបស់ លោក ស៊ី ជិនភីង ប្រមូលធនធាននិងសកម្មភាពលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដើម្បីមិត្តភាពកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរបស់ខេត្ត ក្រុងទាំងពីរ។ បើតាមការថ្លែងបន្តទៀតរបស់ លោក ទូ ហ្សាវកាង បានបន្ថែមថា ការខិតខំដំណើរការលើផ្លូវឧស្សាហកម្មទទួលបានផលប្រយោជន៍ទាំងសងខាង លើកកម្ពស់តំបន់សេដ្ឋកិច្ចតំបន់២.០ ជាឈ្នាន់ផ្សារភ្ជាប់គុណសម្បត្តិ និងលក្ខណៈសម្បត្តិរបស់ខ្លួនផ្ទាល់ឱ្យកាន់តែប្រសើរ ពង្រីកទំហំសហប្រតិបត្តិការឧស្សាហកម្មនេះជានិច្ច ពង្រីកវិសាលភាពសហប្រតិបត្តិការសហគ្រាស ដើម្បីសម្រេចភាពរុងរឿង ជាក្តីស្រមៃរបស់យើងទាំងអស់គ្នា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)