Register Already an agent ? Login

អង្គការ APOPO ផ្ដល់ជំនួយជាង ៣សែនដុល្លារ លើគម្រោងកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា

ភ្នំពេញ៖ អង្គការ APOPO បានផ្ដល់ការគាំទ្រថវិកាគម្រោងមានចំនួន ៣៥១,៧១១ដុល្លារ ដែលមានរយៈពេលមួយឆ្នាំ (ចាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២) លើកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា​ ក្នុងនោះមានការគាំទ្រសត្វកណ្តុរ និងសុនខហិតមីន​ ជាស្នូលនៃកិច្ចប្រតិបតិ្តការ​។ បើតាមគេហទំព័ររបស់មជ្ឈមណ្ឌលកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

គេទំព័រ អង្គភាពCAMC បានបន្តថា ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២១ លោក ហេង រតនា អគ្គនាយក CAMC និងលោក Michael Heiman ប្រធានអង្គការ APOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើគម្រោងខាងលើ។ អង្គភាព CAMC បានបញ្ជាក់ដោយរម្លឹកថា ជាឆ្នាំទី៩ ហើយនៃកិច្ចសហប្រតិបត្តិការរវាងអង្គភាពCAMC អង្គការAPOPO លើការបោសសម្អាតមីនដោយសត្វកណ្តុរ និងសុនខ។

អង្គភាពCAMC បានបន្តថា ក្នុងឆ្នាំ២០២១នេះ អង្គការAPOPO បានបញ្ជាទិញសុនខរបស់អង្គភាព CMAC ចំនួន០៨ក្បាលបន្ថែមទៀតផងដែរ ដែលសុនខទាំងនោះត្រូវនាំយកទៅប្រតិបត្តិការនៅប្រទេសស៊ូដង់ អង់កូឡា និងព្រំដែនប្រទេសតួរគី។

ដូចគ្នានេះដែរ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន) និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI-GMAC) បានចុះហត្ថលេខាលើភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនូវការអភិវឌ្ឍសមត្ថភាព។

ក្នុងពិធីចុះហត្ថលេខានេះ លោក លី ធុជ ប្រធានអាជ្ញាធរមីន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមអស់រយៈពេលជិត ៣០ឆ្នាំមកនេះ និងរំដោះដីជូនប្រជាពលរដ្ឋរបស់យើង ដើម្បីបង្កបង្កើនផលបានជាង ២០០០គីឡូម៉្រែតក្រឡា។

លោក បានបន្តថា ក្នុងនោះដោយមានការចូលរួមគាំទ្រផ្ដល់ថវិកាពី សម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ប្រទេសជាតិមិត្ត និងអង្គការសប្បុរធម៌នានា ក៏ដូចជាការចូលរួមពីវិស័យឯកជនជាច្រើន ដើម្បីធ្វើឱ្យកិច្ចប្រតិបត្ដិការលើការងារបោសសម្អាតមីនជូនប្រជាពលរដ្ឋ រួចចាកផុតពីគ្រោះថ្នាក់ដោយសារមីន និងលើកកម្ពស់ជីវភាពរស់នៅ តាមសហគមន៍។

អាជ្ញាធរមីន បានចាប់ដៃគូចុះហត្ថលេខារួមគ្នាជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរកម្ពុជា និងផ្ដល់នូវវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំនាញ ចំណេះដឹង ជូនដល់បងប្អូនប្រជាពលរដ្ឋ ជនដែលងាយរងគ្រោះ ពិសេសជនពិការដោយសារមីន។ បើតាមការថ្លែងបន្តទៀតរបស់ លោក លី ធុជ បានបន្ថែមថា វិទ្យាស្ថាន CGTI-GMAC ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់នូវជំនាញបច្ចេកទេស និងពង្រឹងសមត្ថភាពនៅកម្ពុជា និងមិនត្រឹមតែផ្តល់ជំនាញវិជ្ជាជីវៈលើវិស័យកាត់ដេរដល់កម្មករ-កម្មការនីប៉ុណ្ណោះទេ ថែមទាំងបានចូលរួមបង្កើនប្រាក់ចំណូល និងលើកកម្ពស់ភាពជាអ្នកដឹកនាំនៅតាមស្ថាប័ន/ក្រុមហ៊ុនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងចង្វាក់ផលិតកម្ម។

នាឱកាសនោះ លោក វាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងថា យើងបានដឹងហើយថា បងប្អូនប្រជាពលរដ្ឋជាច្រើន ត្រូវបានរងគ្រោះដោយសារមីន និងមួយផ្នែកទៀតពួកគាត់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អត់ការងារធ្វើ ដើម្បីចិញ្ចឹមជីវិតគ្រួសាររបស់ពួកគាត់។

លោក វ៉ាន់ ស៊ូអៀង បានបន្ដថា ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដែលបានចុះហត្ថលេខា លើច្ចព្រមព្រៀងភាពជាដៃគូជាមួយអាជ្ញាធរមីន ដែលជាអាជ្ញាធររបស់រដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មបោសសម្អាតមីន និងជួយជនរងគ្រោះដោយសារមីន ព្រមទាំងបានផ្តល់ការអប់រំការយល់ដឹងជាច្រើន ជូនប្រជាពលរដ្ឋអំពីហានិភ័យដោយសារមីន។

លោក បានបន្ថែមថា ដោយមើលលើទិដ្ឋភាពនេះ យើងពិតជាមានកិត្តិយសណាស់ ដែលបានចូលរួមដំណើរជាមួយអាជ្ញាធរមីន ហើយអាចរួមចំណែកតាមវិធីតូចណាមួយឱ្យទទួលបានជោគជ័យបន្ថែមទៀតសម្រាប់កិច្ចការសកម្មភាពមីននាពេលអនាគត និងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០២៥ អស់គ្រាប់មីនពីលើទឹកដីកម្ពុជា។ លោក សន្យាថា នឹងចលនាកៀរគរឱ្យមានការចូលរួមការឧបត្ថម្ភគាំទ្រពីវិស័យវិស័យឯកជនសម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)