Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបានជាង ៣០%

ភ្នំពេញ៖ វឌ្ឍនភាព គម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រេចបាន ៣០.៣៧ភាគរយ ដោយគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

 គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ លោក យិត បុណ្ណា រដ្ឋលេខាធិការ និងជានាយកគម្រោង ហើយនិងគណៈប្រតិភូនីដា (NEDA) នៃប្រទេសថៃ ដឹកនាំដោយ លោក Perames Vudthitornetiraks ប្រធានស្ថាប័ននីដា និងអាជ្ញាធរពាក់ព័ន្ធរបស់ខេត្តបន្ទាយមានជ័យ បានប្រជុំពិភាក្សាការងារ និងចុះត្រួតពិនិត្យដំណើរការនៃគម្រោងខាងលើកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមក្រសួងដដែល។

ក្រសួងដដែលបានបន្តថា ការចុះត្រួតពិនិត្យលើគម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ គឺក្នុងន័យតាមដានវាយតម្លៃចំពោះកិច្ចការងារសាងសង់ នៃអគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ធ្វើយ៉ាងណាត្រូវសម្រេចទៅតាមផែនការទិសដៅ ដើម្បីជាការរួមចំណែកជួយសម្រួលដល់ការធ្វើចរាចរ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ កម្ពុជា និង ថៃ។

បើតាមប្រភពដដែល បានបន្តទៀតថា នៅក្នុងកិច្ចប្រជុំនោះ លោក តាន់ គឹមហួត តំណាងក្រុមហ៊ុនចម្រុះ CM Grand Development  និង Tan Kim Eng បានបញ្ជាក់ថា បច្ចុប្បន្ន គម្រោងអនុវត្តការងាររបស់ខ្លួនសម្រេចបាន ៣០.៣៧ភាគរយ ហើយក្រុមហ៊ុនសាងសង់បានប្តេជ្ញាចិត្តថា នឹងបញ្ចប់គម្រោងសាងសង់ច្រកអន្តរជាតិនេះ ទៅតាមផែនការកំណត់។

ជាមួយគ្នានោះ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័ននីដា (NEDA) នៃប្រទេសថៃ បានជំរុញឱ្យក្រុមហ៊ុនចម្រុះ CM និងTKE ខិតខំអនុវត្តគម្រោងឱ្យសម្រេចបានតាមផែនការកំណត់។ ជាពិសេសត្រូវយកចិត្តទុកដាក់ និងគោរពតាមបទដ្ឋានបច្ចេកទេស និងប្លង់បច្ចេកទេសរបស់គម្រោង។

គួបញ្ជាក់ថា គម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់និងមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូន និងកាត់បន្ថយពេលវេលាក្នុងត្រួតពិនិត្យ៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)