Register Already an agent ? Login

រាជរដ្ឋាភិបាលគ្រោងសាងសង់ ស្ពានចេញពីតំបន់វត្តព្រែកប្រា ឆ្ពោះទៅកាន់ផ្លូវ៦០ម៉ែត្រ នៅឆ្នាំ២០២២

ភ្នំពេញ៖ រាជរដ្ឋាភិបាល គ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីតំបន់វត្តព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ឆ្ពោះទៅកាន់ផ្លូវ ៦០ម៉ែត្រ បច្ចុប្បន្ន ស្ពាននេះកំពុងតែសិក្សាជិតបញ្ជប់ហើយ។ បើតាមការថ្លែងឱ្យដឹងពីប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា «តាមគម្រោងនឹងសាងសង់នៅក្នុងឆ្នាំ២០២២ខាងមុខនេះ»។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រាសួងសាធារណៈការ នៅក្នុងសម្ពោធដាក់ឱ្យប្រាស់ស្ពានស្ទឹងត្រង់ ក្រូចឆ្មារកាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២១ បានថ្លែងថា មានគម្រោងសាងសង់ស្ពាន ចេញពីសង្កាត់ព្រែកប្រា ទៅផ្លូវ ៦០ម៉ែត្រ។

លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងស្ពាននេះនឹងចេញពីតំបន់វត្តព្រែកប្រា ឆ្ពោះទៅកាន់ផ្លូវ ៦០ម៉ែត្រ ប៉ុន្តែគម្រោងនេះស្ថិតក្រោមរដ្ឋបាលរាជធានីភ្នំពេញ ឬយ៉ាងណានោះ លោកមិនដឹងនោះទេ។ លោកបន្តថា តាមធម្មតាគម្រោងស្ថិតក្នុងដែនសមត្ថកិច្ចរបស់បាលរាជធានីភ្នំពេញ យើងមិនដឹងលំអិតនោះទេ។

លោក បានថ្លែងបន្តថា យ៉ាងណាក៏ដោយស្ពាននេះ មានប្រវែងវែងប៉ុណ្ណា និងចំណាយទឹកប្រាក់ប៉ុន្មានក្នុងសាងសង់ មិនមានព៌តមានលំអិតជូននោះទេ។ លោក បានបន្ថែមថា ស្ពាននេះនឹងជួយសម្រូលចរាចរណ៍ យ៉ាងល្អប្រសើរនៅតំបន់នេះ ព្រោះបច្ចុប្បន្ននៅតំបន់សងខាងទន្លេនេះ មិនមានច្រកចេញ ដែលអាចសម្រួលការកកស្ទះចរាចរណ៍នៅឡើយទេ ក្រៅពីស្ពានមុនីវង្ស និងស្ពានព្រែកសំរោង។ ជាក់ស្តែងការកកស្ទះចរាចរណ៍បច្ចុប្បន្ន ពិសេសរៀងរាល់ម៉ោងចូល និងចេញពីធ្វើការ បាននិងកំពុងកើតមានលើផ្លូវជាតិលេខ២ ចេញពីស្តុបវត្តចក្រអង្រែក្រោម រហូតដល់មុខក្រសួងមហាផ្ទៃ៕

ប្រភព៖propertyarea.asia

ដោយ៖ មឿន ឌីណា (Moeun Dyna)