Register Already an agent ? Login

សម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា

ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា នាព្រឹកថ្ងៃទី២ ខែធ្នូ​ ឆ្នាំ២០២១ ដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារ ក្នុងក្រុងព្រះសីហនុ។

ការកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុនេះ គឺក្នុងគោលបំណង ប្រែក្លាយទីក្រុងមួយនេះឱ្យមានគុណភាពពិតប្រាកដ ទាក់ទាញការវិនិយោគ ហើយមានការអភិវឌ្ឍប្រកួតប្រជែងជាមួយទីក្រុងជាច្រើនទៀតក្នុងតំបន់។ បើតាមការថ្លែងរបស់ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានគណកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរ។

លោក ជា សុផារ៉ា បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការស្ថាបនាផ្លូវទាំង ៣៧ខ្សែនេះ ក្នុងរយៈពេលកំណត់ ៨ខែ ឱ្យរួចរាល់ជាស្ថាពរដោយគិតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបើកការដ្ឋានផ្លូវក្នុងគម្រោងអភិវឌ្ឍនេះ ត្រូវបានសិក្សាកំណត់បែងចែកឋានានុក្រមផ្លូវជា ៣ប្រភេទ ស្របតាមតំបន់នគរូបនិយកម្មក្នុងក្រុង តំបន់ជាយក្រុង តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ ជាមួយការកំណត់លក្ខណៈបច្ចេកទេសសាងសង់។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលផ្លូវ និងរចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ មានពេលនេះដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។

សម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងចក្ខុវិស័យកសាងផ្លូវនេះ មិនត្រឹមតែសម្រាប់ធ្វើដំណើរប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងផ្លូវជាលំហរសាធារណៈប្រកបដោយមេត្រីភាព សុវត្ថិភាព និងសមធម៌។

សម្ដេច បានបញ្ជាក់ «ផ្លូវទាំងនេះ ជាការជំរុញកំណើនសេដ្ឋកិច្ច ផ្លូវនៃការលើកកម្ពស់គុណភាពនគរូបនីយកម្ម និងភាពធន់មាំទាក់ទងអាកាសធាតុ និងបរិស្ថាន សក្តិសមជាទីក្រុងទំនើបមានផាសុកភាពសម្រាប់ការរស់នៅទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច»៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)