Register Already an agent ? Login

លោក ស៊ុន ចាន់ថុល ដឹកនាំមន្រ្តីបច្ចេកទេសចុះពិនិត្យ និងជួសជុលកំណាត់ផ្លូវជាតិលេខ២១B នៅខេត្តកណ្ដាលឱ្យប្រសើរឡើងវិញ

កណ្ដាល៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យមើលស្ថានភាពកំណាត់ផ្លូវជាតិលេខ២១បេ ដើម្បីរៀបចំជួសជុលស្តាធ្វើឱ្យប្រសើរឡើង ប្រវែងប្រមាណ ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងដំណើរចុះពិនិត្យផ្លូវនេះ លោក ស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមការងារបច្ចេកទេសក្រោមឱវាទអនុវត្តការងារជួសជុលផ្លូវនេះឱ្យបានរួចរាល់លឿនបំផុត និងមានគុណភាពរឹងមាំ កុំឱ្យគេថាធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ធ្វើយ៉ាងណាបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលសាងសង់ មិនបង្កការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ការចុះពិនិត្យ និងរៀបចំជួសជុលផ្លូវជាតិ២១បេនេះ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក រដ្ឋមន្រ្តីបានបញ្ជាក់ «ជាពិសេសត្រូវអនុវត្តការសាងសង់ នៅចន្លោះម៉ោងណាដែលមានចរាចរណ៍តិចដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងយកចិត្តទុកដាក់ពន្លឿនការងារសាងសង់ឱ្យបានឆាប់រហ័សផងដែរ»។

លោក រដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ទៀតថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលលទ្ធភាពនៃការជួសជុលស្តាធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវនេះដោយប្រើគ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើប អាចកាត់បន្ថយផលប៉ះពាល់ចរាចរណ៍ ផលប៉ះពាល់បរិស្ថាននិងអាចជួយឱ្យផ្លូវកាន់តែមានភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋបានរហ័សទាន់ពេលវេលា។

សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ២១បេ នេះ មានប្រវែងសរុប ១២.៣៣គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ២ រហូតដល់ចំណុចចុងបញ្ចប់ឋិតនៅផ្លូវបំបែកផ្លូវជាតិលេខ១ ដោយឆ្លងកាត់ស្ពានព្រែកសំរោង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)