Register Already an agent ? Login

សម្ដេចតេជោ នឹងអញ្ជើញសម្ពោធឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ ព្រៃវែង-ត្បូងឃ្មុំប្រវែងជិត ១០០គីឡូម៉ែត្រ

ភ្នំពេញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ តភ្ជាប់រវាងខេត្តព្រៃវែងត្រង់ចំណុច ប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្តត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង) ដែមានប្រវែងជិត ១០០គីឡូម៉ែត្រ។ បើតាមរដ្ឋបាលខេត្តព្រៃវែង។

ផ្លូវនេះ មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ក្នុងនោះរួមមាន ផ្លូវមេប្រវែង ៨៦.៨០៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩.១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ផ្លូវនេះ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គូសគំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។

បើតាមរដ្ឋបាលខេត្តព្រៃវែងបានបន្តឱ្យដឹងថា លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាផែនការបែងចែកភារកិច្ចរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១១ ក៏មានវត្តមាន លោ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងគណៈកម្មការរៀបចំបុណ្យជាតិ។

ផ្លូវលេខ១១ ជាកំណាត់ផ្លូវសេដ្ឋកិច្ចសំខាន់មួយ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បន្ថែមទៀតរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ដោយចំណាយទឹកប្រាក់ចំនួនជាង ៩៨លានដុល្លារ ជាហិរញ្ញប្បទានរដ្ឋាភិបាលចិន ចំណាយរយៈពេលសាងសង់ចំនួន ៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅចុងឆ្នាំ២០២០៕

ដោយ៖ មឿន ឌីណា (Moeun Dyna)