Register Already an agent ? Login

កម្ពុជា ចំណាយថវិកាជាង ២,៣០០លានដុល្លារ ប្រយុទ្ធប្រឆាំងនឹងជំងឺសកល ស្មើនឹងធ្វើស្ពានបានចំនួន ២០ខ្សែ

ភ្នំពេញ៖ ស្ថានភាពជំងឺកូវីដ-១៩​ រីករាលដាលនៅទូទាំងប្រទេសអស់រយៈពេលជិត ២ឆ្នាំមកនេះ បានធ្វើឱ្យកម្ពុជាចំណាយថវិកាជាង ២,៣០០លានដុល្លារ ដើម្បីចំណាយលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងចំណោយផ្សេងៗ ដែលចំនួនទឹកប្រាក់នេះវាស្មើនឹងការចំណាយលើការសាងសង់ស្ពានបានចំនួន ២០ខ្សែ។ បើតាមការថ្លែងបញ្ជាក់ឱ្យពី សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ ៧១C នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងពីធីខាងលើ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកពីយុទ្ធសាស្ត្រជាច្រើនពាក់ព័ន្ធយុទ្ធសាស្ត្រក្នុងព្រឹត្តិការណ៍នានា ក្នុងកំឡុងរាតត្បាតនៃជំងឺកូវីដ-១៩ ដោយសម្តេចតេជោ បានថ្លែងថា ក្នុងនាមជាមេដឹកនាំរបស់ជាតិ សម្តេចមិនអាចឱ្យប្រជាពលរដ្ឋស្លាប់ ដោយមិនដាក់ចេញវិធានការចាំបាច់មួយចំនួននោះទេ ទោះត្រូវគេរិះគន់យ៉ាងណាក៏ដោយចុះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី សូមឱ្យយកចិត្តទុកដាក់សុខភាពមនុស្សចាស់ ក្នុងពេលរដូវចុះត្រជាក់ខាងមុខនេះ។ សូមឱ្យអាជ្ញាធរត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពមបុស្សចាស់ ដូចជាត្រៀមផ្តល់ជូននូវអាវភ្លៀង អាវរងារ ភួយ ដើម្បីជួយដល់មនុស្សចាស់ទាំងឡាយដែលមានការខ្វះខាត។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញការងារនាពេលកន្លងមកនេះ ជាពិសេសក្នុងពេលទប់ស្កាត់កូវីដ-១៩ ក៏ដូចជាពេលដែលបើកប្រទេសជាតិឡើងវិញនាពេលនេះ។

នៅក្នុងពិធីនោះដែរ លោក ស៊ុន ចាន់ថុល ថ្លែងថា កម្ពុជាបានក្លាយជាប្រទេសដែលមានអត្រានៃការចាក់វ៉ាក់សាំងបង្ការខ្ពស់ទាំងនៅក្នុងតំបន់អាស៊ី និងនៅទូទាំងសកលលោក និងជាប្រទេសនាំមុនគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានប្រកាសបើកឱ្យដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ និងបានអនុវត្តវិធានការលើកលែងការធ្វើចត្តាឡីស័កចំពោះជនបរទេសសម្រាប់ការធ្វើដំណើរចូលកម្ពុជា និងជនជាតិខ្មែរ ដែលបានចាក់វ៉ាក់សាំងពេញលេញចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបន្តថា កម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការជាបន្តបន្ទាប់ ដើម្បីត្រៀមស្តារសេដ្ឋ កិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ លើគ្រប់វិស័យផងដែរក្នុងនោះ រាជរដ្ឋាភិបាលក៏បានគិតគូរអំពីការបន្តអនុវត្ត គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាទិភាពសំខាន់ៗមួយចំនួនរួមមានដូចខាងក្រោម៖

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ហេដ្ឋារចនា សម្ព័ន្ធផ្លូវ ៣៤ខ្សែ នៅខេត្តព្រះសីហនុ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២ និង២២ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ១០ ផ្លូវជាតិលេខ៤៨ ផ្លូវលេខ១៤៦B ផ្លូវជាតិលេខ៧១C  ដែលកំពុងប្រារព្ធពិធីបើកការដ្ឋានសាង សង់នាពេលនេះ រួមទាំងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានសំខាន់ៗមួយចំនួនផ្សេងទៀតផងដែរ។

លោក រដ្ឋមន្រ្តីក៏បានថ្លែងរម្លឹកបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាបានសាងសង់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូ និងបេតុងសរុបប្រវែងប្រមាណ ១៥,០០០គីឡូម៉ែត្រ ស្ពានធំៗចំនួន២០ លើកកម្រិតព្រលានយន្តហោះឱ្យមានលក្ខណៈស្តង់ដារអន្តរជាតិចំនួន៣ និងកំពុងសាងសង់ព្រលានយន្តហោះស្តង់ដារអន្តរជាតិ ៣បន្ថែមទៀត នៅខេត្តសៀមរាប ខេត្តកោះកុង និងរាជធានីភ្នំពេញ។

លោក បានបន្តថា លើកកម្រិតកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យមានលក្ខណៈស្តង់ដារអន្តរជាតិ បានស្តារផ្លូវដែក ភាគខាងជើង និងភាគខាងត្បូងឡើងវិញ និងកំពុងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀតពាសពេញផ្ទៃប្រទេស ក្រោមម្លប់សន្តិភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)