Register Already an agent ? Login

កម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ១៣លាន ៧សែននាក់ ស្មើនឹង ៨៥,៣៣% នៃប្រជាជនសរុប១៦លាននាក់

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់ សាំងដល់ប្រជាពលរដ្ឋ ១៣លាន ៧សែននាក់ សមមូលនឹងអត្រា ៨៥,៣៣ភាគរយ នៃចំនួនប្រជាជនសរុប១៦លាននាក់។ បើតាមសុន្ទរកថាគន្លឹះ សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២៦ តុលា ឆ្នាំ២០២១។

នៅក្នុងសុន្ទរកថាគន្លឹះ ដែលទាក់ទិនទៅនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា សម្តេចតេជោ បានថ្លែងបញ្ជាក់ថា «នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះ គួបផ្សំនិងវិធានការផ្សេងទៀត»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងបន្តថា ជាការវាយតម្លៃជំងឺកូវីដ-១៩ នៅកម្ពុជាស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបានល្អ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីនៅចុងឆ្នាំ២០២១នេះ។

បើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១៖ ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង៖ -អ្នកចាក់ដូសទី១ ចំនួន ៩,៩៨១,៤៥៧នាក់ -អ្នកចាក់ដូសទី២ ចំនួន ៩,៦៣០,០៩៩នាក់ ស្មើនឹង ៩៩.៨១ភាគរយ នៃប្រជាជនគោលដៅសរុប ១០លាននាក់។ -អ្នកចាក់ដូសទី៣ ចំនួន ១,៧២៧,០១៤នាក់។

កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ៖ -អ្នកចាក់ដូសទី១ ចំនួន ១,៧៨៤,៣២៦នាក់ -អ្នកចាក់ដូសទី២ ចំនួន ១,៦៩២,២៦២នាក់ ស្មើនឹង ៩០.៧២ភាគរយ នៃក្រុមគោលដៅសរុបជិត ០២លាននាក់។

កុមារអាយុចាប់ពី ០៦ឆ្នាំដល់ក្រោម ១២ឆ្នាំ -អ្នកចាក់ដូសទី១ ចំនួន ១,៩០៧,៦៩៥,នាក់ -អ្នកចាក់ដូសទី២ ចំនួន ១,៦៨៧,១២០នាក់ ស្មើនឹង ១០០.៥៤ភាគរយ នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។

គិតត្រឹមព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តំបន់អាស៊ានមានអ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួនជាង ១៣.០លាននាក់ ស្លាប់ជាង ២៧.៥ម៉ឺននាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)